លោក Elon Musk ចង់ឃើញអាមេរិក និងអឺរ៉ុប មិន​យកពន្ធពីគ្នា ​

បរទេស៖ លោក មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានផ្តល់យោបល់ថា អាមេរិកនិងអឺរ៉ុប មិនគួរយកពន្ធពីគ្នាទេ ដោយលោកនិយាយ បង្ហាញពីក្តីសង្ឃឹមថា នឹងមិនមានពន្ធគយ រវាងភាគីទាំងពីរ នៅថ្ងៃណាមួយ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។

ការលើកឡើង របស់លោក Musk បានកើតឡើង ស្របពេលដែល ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម កាន់តែកើនឡើង តាមរយៈការ ការដំឡើងពន្ធដ៏ធំ ក្នុងនោះ ក៏មានលើបណ្តាប្រទេស នៅអឺរ៉ុប ផងដែរ។

ថ្លែងប្រាប់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនអ៊ីតាលី លោក Matteo Salvini កាលពីថ្ងៃសៅរ៍ អំឡុងពេលមានកិច្ចប្រជុំមួយ លោក Musk ដែលជាទីប្រឹក្សាជាន់ខ្ពស់ របស់លោក Donald Trump បានថ្លែងជឿជាក់ថា នៅពេលអនាគត សហរដ្ឋអាមេរិក និងអឺរ៉ុបអាចបង្កើត «ភាពជាដៃគូជិតស្និទ្ធ និងរឹងមាំជាងមុន» និងឈានដល់ «តំបន់សូន្យពន្ធ» ។

គួរបញ្ចាក់ថា ប្លុកអឺរ៉ុបដែលមាន២៧ប្រទេស ប្រឈមមុខនឹងការតំឡើងពន្ធ ២៥% លើមុខទំនិញមួយចំនួន នាំទៅអាមេរិក ហើយថ្មីៗនេះ លោក Trump បានប្រកាសថា បន្ថែម២០% សម្រាប់ទំនិញស្ទើរតែទាំងអស់ ផ្សេងទៀត ដែលនាំចូលទៅអាមេរិក ចាប់ពីថ្ងៃទី៩ ខែមេសា។

លោក Musk ដែលជាម្ចាស់ក្រុមហ៊ុន Tesla, SpaceX និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយរដ្ឋាភិបាលក្នុងនាមជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិក  ដែលទើបបង្កើតថ្មី៕

ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner