សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលជួបបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្រលើសម្មភាពមីននៅកម្ពុជា
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចករកម្ពុជា បានអញ្ជើញទទួលជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាល លើសម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។
សម្ដេចធិបតី បានសរសេរលើបណ្ដាញសង្គមថា សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយ នៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្ស រាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំង ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។
រាជរដ្ឋាភិបាលគ្រប់អាណត្តិ បានដាក់គោលដៅ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីន ទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល ។ សកម្មភាពមីននៅកម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ ពីសហគមន៍ជាតិ និងអន្តរជាតិ និងប្រទេសជុំវិញពិភពលោក ដោយសកម្មភាពមីន នៅកម្ពុជា បានជួយសង្គ្រោះដល់ជីវិតមនុស្ស និងបានប្រែក្លាយដីមានមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែលចូលរួមយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។
សម្ដេចធិបតី បានបន្តថា សមិទ្ធផលដ៏ធំធេងនេះ ក៏មានការចូលរួមយ៉ាងសំខាន់ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រជាថវិកា សម្ភារៈ និងជំនាញ ដើម្បីគាំទ្រ និង សម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងសកម្មភាពមីន ។
ជាមួយគ្នានេះ សម្ដេចធិបតី សូមថ្លែងអំណរគុណដល់ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រដល់រាជរដ្ឋាភិបាល និងអំពាវនាវ សូមបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការងារសកម្មភាពមីន ជាពិសេស ក្នុងគោលដៅឆ្ពោះទៅរក “កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០” ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ










