ក្រសួងសាធារណៈការនិងដឹកជញ្ជូន បង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំដល់ក្រុមហ៊ុនឯកជន លើការនាំចូលរថយន្តសេរីទំនើប ចូលមកក្នុងទីផ្សារកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុន ធ្វើការវិនិយោគលើការផលិត និងដំឡើងរថយន្តឱ្យបានច្រើននៅកម្ពុជា ដើម្បីធានាដល់ការឈរជើងយូរអង្វែងរបស់ក្រុមហ៊ុនផ្ទាល់ផង និងដើម្បីជួយប្រជាជនកម្ពុជាឱ្យមានលទ្ធភាពប្រើប្រាស់ផង។ កម្ពុជាត្រូវបានជ្រើសរើសដោយសារមានសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ និងប្រជាជនវ័យក្មេងដែលបានកំពុងស្វែងយល់ពីបច្ចេកវិទ្យាទំនើប ដូចនេះទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន ។

ជាក់ស្តែងនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន LYNK & CO Automotive (Cambodia) បានរៀបចំពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការ ក្នុងការនាំចូលរថយន្តសេរីទំនើបម៉ាក LYNK & CO ចូលមកក្នុងទីផ្សារកម្ពុជា ។ ដែលពិធីចុះកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប និងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់។

ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបង្ហាញពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ “ការនាំចូលរថយន្ត Lynk & Co មិនត្រឹមតែផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានតាមរយៈបច្ចេកវិទ្យាទាន់សម័យ ដែលមានការបំភាយឧស្ម័នទាប”។

ក្នុងកម្មវិធីនេះ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល LYNK & CO Automotive (Cambodia) បានថ្លែងថា ការមកដល់នៃរថយន្តម៉ាក LYNK & CO នឹងរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការដឹកជញ្ជូនបៃតង និងនិរន្តរភាព ។

លោក ប្រ៊ូស លី(Mr. Bruce Lee) ប្រធានតំបន់អាស៊ីអាគ្នេយ៍ ម៉ាក LYNK & CO បានចែករំលែកថា កម្ពុជាត្រូវបានជ្រើសរើសដោយសារសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ និងប្រជាជនវ័យក្មេងដែលបានកំពុងស្វែងយល់ពីបច្ចេកវិទ្យាទំនើប។ លោកបានបញ្ជាក់ថា “កម្ពុជាមានកំណើនសេដ្ឋកិច្ចជាង ៦,៨% ជាប់គ្នា ៥ ឆ្នាំ និងប្រជាជន ៦៥% មានអាយុក្រោម ៣០ ឆ្នាំ ដែលជាកម្លាំងចលករសម្រាប់យើង” ។

LYNK & CO Automotive (Cambodia) បានប្តេជ្ញាចិត្តសហការជាមួយដៃគូក្នុងស្រុកដើម្បីបង្កើតស្ថានីយ៍សាកថ្មទូទាំងប្រទេស ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី និងបង្កើតឱកាសការងារថ្មីៗដូចជា ការដំឡើង ថែទាំ និងសេវាកម្មជួសជុល។ លើសពីនេះ នៅខែឧសភា ឆ្នាំ២០២៥ ទីតាំងតាំងបង្ហាញរថយន្ត ម៉ាក LYNK & CO ដំបូង នឹងបើកដំណើរការនៅភ្នំពេញ និងគ្រោងពង្រីកទៅខេត្តសៀមរាប និងខេត្តព្រះសីហនុក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
LYNK & CO Automotive (Cambodia) សន្យាថានឹងនាំមកនូវបទពិសោធន៍ថ្មីនៃការបើកបរ ដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងបរិស្ថានបៃតងនៅកម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner