ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បេ្តជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការរួមចំណែក គាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើនលទ្ធភាព និងគុណភាពនៃសេវាថែទាំសុខភាព
(ភ្នំពេញ)៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ជាមួយប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃប្រទេសទាំងពីរ។
ឈរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសលើគុណភាពនៃការផ្តល់សេវាសុខភាពនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ឆ្លើយតបបានទៅនឹងអាទិភាពក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាជន លោកស្រី ម៉ូន ជុង ឆេ បានជម្រាបជូនថា គម្រោងនេះ នឹងកាន់តែបង្កើនលទ្ធភាព គុណភាពនៃសេវាថែទាំសុខភាព ពង្រឹងសមត្ថភាព និងមុខងារប្រតិបត្តិការនៃប្រព័ន្ធសុខាភិបាលសាធារណៈ រួមទាំងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងខេត្តរតនគិរី ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីជំនួយឥតសំណងរវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ប្រមាណ ៧លានដុល្លារអាមេរិក ។
ជាក់ស្តែងនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី ឆេ មូន ជុង (Moonjung CHOI) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាលើគម្រោង “ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី” (PROJECT FOR STRENGTHENING COMPREHENSIVE PUBLIC HEALTH SYSTEM IN RATANAKIRI PROVINCE)។
ស្ថិតក្នុងបរិយាកាសដ៏ឱឡារិកនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលស្របទៅនឹងអាទិភាពចំបងបំផុតរបស់ក្រសួងសុខាភិបាល ៕





ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ