អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់មន្ដ្រីទាំងអស់ បន្ដអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យស្របតាមសម័យបច្ចេកវិទ្យា
(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ត្រូវខិតខំធ្វើការអភិវឌ្ឍសមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យា និងទាន់សម័យនាពេលបច្ចុប្បន្ន។
ការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ជួបសំណេះសំណាលជាមួយមន្ត្រីរាជ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត និងនិវត្តន៍ជនប្រមាណ ៦០៤នាក់ ក្នុងឱកាសអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាប្រពៃណីទម្លៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីរាជការទាំងអស់ ជាពិសេសមន្ត្រីគ្រប់ថ្នាក់ នៃរដ្ឋបាលខេត្តកណ្ដាល សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ត្រូវបន្តខិតខំបំរើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងឆាប់រហ័សថែមទៀត។ ជាងនេះទៅទៀត មន្ត្រីទាំងអស់ ត្រូវខិតខំធ្វើការអភិវឌ្ឍសមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យា ទាន់សម័យនាពេលបច្ចុប្បន្ន។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងក្រើនរំលឹកទៅដល់បណ្តាទីចាត់ការនីមួយៗ នៃរដ្ឋបាលខេត្ត ត្រូវប្រជុំត្រួតពិនិត្យមន្ត្រីរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាព និងការទទួលខុសត្រូវក្នុងការងារ របស់មន្ត្រីតាមបណ្ដាទីចាត់ការរៀងៗខ្លួនឱ្យបានល្អប្រសើរ កាត់បន្ថយ និងលុបបំបាត់មន្ត្រីដែលនៅមានកំរិត ចំពោះមន្ត្រីដែលនៅមានកំរិត ត្រូវគិតគូររៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ទៅតាមតួនាទីភារៈកិច្ចជាក់ស្តែង ដើម្បីជំរុញឱ្យពួកគាត់អាចបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានកាន់តែច្បាស់លាស់ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្លាយជាមន្ត្រីដែលមានសក្ដានុពល ម្ចាស់ការអាចបំពេញភារកិច្ចរបស់ខ្លួនបានកាន់ល្អប្រសើរឆ្លើយតបបានតែនៅតម្រូវការជាក់ស្ដែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋផងដែរ ៕





ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា