ចិនប្តេជ្ញាមិនចុះញមសង្គ្រាមពន្ធលោក Trump ដាច់ខាត
ប៉េកាំង ៖ ចិនបានប្រកាសក្តែងៗថា ខ្លួននឹងមិនអោនក្បាលចុះចាញ់សម្ពាធ ឬការគំរាមកំហែងរបស់អាមេរិកដាច់ខាត បើទោះបីលោកប្រធានាធិបតី Donald Trump គំរាមដំឡើងពន្ធបន្ថែម ៥០% លើទំនិញចិន បើសិនចិនមិនដកវិធានការសងសឹកដែលបានគ្រោងទុកនោះទេ។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំ សហរដ្ឋអាមេរិក លោក Liu Pengyu បាននិយាយកាលពីថ្ងៃចន្ទថា យើងបានសង្កត់ធ្ងន់ជាច្រើនលើករួចហើយថា ការ ដាក់ សម្ពាធ ឬ កឬការគំរាមកំហែង គឺមិនមែនជាវិធីត្រឹមត្រូវ ដែលគួរតែយកមកប្រើជាមួយយើងទេ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian អាមេរិកកំពុងលះបង់ផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា ដើម្បីតែបម្រើផលប្រយោជន៍ដ៏អាត្មានិយមរបស់ខ្លួន និងផ្តល់អាទិភាពតែទៅលើអាមេរិកខ្លួនឯង ទោះបីជាបំពានលើច្បាប់អន្តរជាតិក៏ដោយ។
ចិនបានចោទប្រកាន់អាមេរិកថា គិតតែពីផលប្រយោជន៍ដ៏អាត្មានិយមរបស់ខ្លួន ជាមួយនឹងកម្មវិធីពន្ធដ៏ធំដែលប្រកាសដោយលោកប្រធានាធិបតី Donald Trump ហើយថា នេះគឺជាទង្វើឯកតោភាគីនិយម ការការពារជាតិនិយម និង ការគំរាមកំហែងសេដ្ឋកិច្ចសកល។
ប្រទេសចិន កាលពីថ្ងៃសុក្រកន្លងទៅ បានអះអាងថា ខ្លួននឹងដាក់ពន្ធសងសឹកចំនួន ៣៤% វិញ លើទំនិញទាំងអស់របស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១០ ខែមេសានេះតទៅ ប្រការនេះធ្វើឲ្យលោក Trump ខឹងសម្បារជាខ្លាំង រហូតគំរាមយកពន្ធបន្ថែមធំបំផុតពីចិន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា