ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំសូត្រមន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំពិធីសូត្រមន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូត្រមន្តប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខ ។

ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ ឌិត នីតា ជាភរិយា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។ ពិធីនេះមិនត្រឹមតែ បួងសួងសុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខ សេចក្ដីចម្រើនប៉ុណ្ណោះទេ ថែមទាំងជាការឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ ។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក៏មានការសម្តែងនូវ របាំត្រុដិ ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីបវរមហាប្រសើរក្នុងឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានជោគជ័យថ្មីៗថែមទៀត ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ ត្រូវនឹងថ្ងៃចន្ទ ២រោច ខែចេត្រ ព.ស.២៥៦៨ (ថ្ងៃទី១៤ ១៥ ១៦ខែមេសា ឆ្នាំ២០២៥) ដោយមានព្រះនាម គោរាគៈទេវី បុត្រីទី២នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤៖៤៨នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ជាអ្នកប្រទានសិរីល្អក្នុងឆ្នាំនេះ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner