វេទិកា និង ពិព័រណ៍កសិកម្មកម្ពុជា បង្ហាញពីសក្តានុពលខ្ពស់នៃវិស័យកសិកម្ម និង ទីផ្សារកសិកម្ម

(ភ្នំពេញ)៖ វេទិកា និង ពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាបណ្ដុំ នៃ ព្រឹត្តិការណ៍ ប្រកបដោយកម្មវិធីជាច្រើន ដែលបានរៀបចំឡើងក្នុងឆ្នាំ២០២៥នេះ ក្រោមការដឹកនាំរៀបចំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមសហការពីសំណាក់ក្រសួងពាក់ព័ន្ធផ្សេងទៀត អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំកម្ពុជា(FAO Cambodia) ដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជននានា។

ក្នុងសេចក្តីប្រកាសរួមដែលបានចេញផ្សាយនៅថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០២៥នេះឱ្យដឹងថា៖ការរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា CAFE25 ផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងយល់យ៉ាងច្បាស់អំពីសក្តានុពលខ្ពស់នៃវិស័យកសិកម្មកម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់ នៅក្នុងទីផ្សារកសិកម្មពិភពលោក។ ដើម្បីចាប់យកឱកាសពីសក្តានុពលមួយនេះ តួអង្គពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវរួមផ្ដុំគ្នាជាធ្លុងមួយ ដើម្បីទាក់ទាញការវិនិយោគ ទាំងនៅថ្នាក់តំបន់ និងសកលលោក ព្រមជាមួយនឹងការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ទើបសម្រេចបាននូវគោលដៅទាំងអស់នេះបានទាំងស្រុង។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្លែងឱ្យដឹងថា៖ “កសិកម្មគឺជាវិស័យស្នូលនៃវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងឧស្សហកម្ម។វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា គឺជាវេទិកាជាតិដ៏សំខាន់ ដែលផ្តោតលើការវិនិយោគ នវានុវត្តន៍ និងការកសាងភាពជាដៃគូ ដើម្បីជំរុញនិរន្តរភាពប្រព័ន្ធស្បៀងរបស់កម្ពុជា។”

លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជាមានកគូសបញ្ជាក់ថា៖ “ជាលក្ខណៈយុទ្ធសាស្រ្តវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25) នេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងនិន្នាការជាក់លាក់របស់កម្ពុជាស្របតាមបរិយាកាសវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពង្រីកគោលដៅវិនិយោគសំខាន់ៗឱ្យកាន់តែច្រើនតាមរយៈការបើកទូលាយអាជីវកម្មកសិកម្ម និងការបង្កលក្ខណៈងាយស្រួលដល់សហគមន៍កសិកម្មទំនើប រួមទាំងការបង្កបង្កើនផលរបស់ប្រជាកសិករ។ យើងត្រូវរួមគ្នាជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅមុខ ដោយគោរពទៅតាមទិសស្លោក “មិនទុកនរណាម្នាក់ចោល” និងត្រូវប្រកាន់ខ្ជាប់នូវទស្សនវិស័យរួម ដោយធ្វើយ៉ាងណាសម្រេចឱ្យបានផលិតកម្មកាន់តែប្រសើរ អាហារូបត្ថម្ភកាន់តែប្រសើរ បរិស្ថានកាន់តែប្រសើរ និងជីវិតរស់នៅកាន់តែប្រសើរជូនដល់សហគមន៍ គ្រួសារ និងប្រជាកសិករគ្រប់រូប។”

ក្នុងសេចក្តីប្រកាសខាងលើនេះបានឱ្យដឹងដែរថា កិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្មលើតម្រូវការវិនិយោគតាមប្រភេទមុខទំនិញយុទ្ធសាស្ត្រសំខាន់ៗចំនួន៩រួមមាន ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ បន្លែ វារីវប្បកម្ម ម្រេច និងផលិតផលឈើ ដែលស្ថិតក្នុងចង្កោមកម្មវិធីរបស់វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។

វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ត្រូវបានគេឱ្យដឹងថាពិធីនេះរៀបចំឡើងគឺដើម្បីផ្ដួចផ្ដើមបង្កើតឡើងដោយខ្មែរ នៅលើទឹកដីប្រទេសខ្មែរ និងដើម្បីផលប្រយោជន៍ខ្មែរផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ
រូបថត ៖ សួង ពិសិដ្ឋ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner