ពលរដ្ឋជិត ៦០០គ្រួសារក្នុងស្រុករវៀងទទួលបានសម្ភារៈសុខភាពអនាម័យ កសិកម្ម ពី UNDP ក្រោមជំនួយរបស់ ចិន តាមរយៈក្រសួងផែនការ

អត្ថបទដោយ៖
សួន លីណា

(ខេត្តព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន ៥៩៨គ្រួសារ រស់នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ទទួលបានសម្ភារៈសុខភាពអនាម័យ កសិកម្ម ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ក្រោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងផែនការ ឋិតក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

ពិធីប្រគល់-ទទួលទ្រព្យសកម្ម និងសម្ភារៈសុខភាពអនាម័យជូនគ្រួសារក្រីក្រ នៃគម្រោង “ពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩” ហៅកាត់ (ACRP) ដែលគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយដ៏សំខាន់ដល់គ្រួសារក្រីក្រតាមរយៈក្រសួងផែនការ ចំនួន ៥,៥០០គ្រួសារ ក្នុង៥ខេត្តគោលដៅ។ ក្នុងនោះខេត្តព្រះវិហារ បានទទួលសម្ភារៈសុខភាពអនាម័យ ពូជបន្លែ និងសម្ភារៈកសិកម្មពីគម្រោងនេះ សម្រាប់៣ឃុំនៃស្រុករវៀង។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបញ្ជាក់ថា ទាំងនេះជាការផ្តល់ឱកាសឱ្យពួកគាត់ក្រោកឈរឡើងវិញ សំដៅចូលរួមចំណែកឈានទៅសម្រេចបាន តាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការបន្តអភិវឌ្ឍន៍ ប្រព័ន្ធគាំពារសង្គម ដោយឈរលើស្មារតី ” មិនបោះបង់ពលរដ្ឋណា ម្នាក់ឡើយ”៕

សួន លីណា

ads banner