លោក Trump រិះគន់រុស្ស៊ីធ្ងន់ៗរឿងទម្លាក់គ្រាប់បែកលើអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ ថ្លែងក្នុងទឹកមុខមិនពេញជាខ្លាំង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់រុស្ស៊ីចំៗ និង សម្តែងការប្រឆាំងចំពោះការទម្លាក់គ្រាប់បែករបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈរដ្ឋបាលរបស់លោកកំពុងព្យាយាមបញ្ចប់ការបង្ហូរឈាមនៅទីនោះ។
នៅចំពោះមុខអ្នកកាសែតអន្តរជាតិ មេដឹកនាំអាមេរិករូបនេះ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ចំពោះអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន ដោយសារតែរុស្ស៊ីបានទម្លាក់គ្រាប់បែកដ៏ឆ្កួតលីលានៅទីនោះ ស្របពេលដែលអាមេរិក-រុស្ស៊ីជិតឈានដល់កិច្ចព្រមព្រៀងមួយ។
លោក Trump ធ្លាប់បាននិយាយកាលពីខែមីនាថា លោកខឹងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខ្លាំងណាស់ ហើយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានប្រាប់អ្នកសារព័ត៌មានទៀតថា អាមេរិកចង់ឱ្យរុស្ស៊ីបញ្ឈប់ការប្រយុទ្ធ … ខ្ញុំមិនចូលចិត្តការទម្លាក់គ្រាប់បែកបែបនេះទេ។
រុស្ស៊ីនៅតែបន្តការវាយប្រហារលើអ៊ុយក្រែនឥតឈប់ឈរ បើទោះបីជាលោកប្រធានាធិបតី Trump បានសន្យាថា នឹងនាំសន្តិភាពក្នុងរយៈពេល ២៤ ម៉ោង នៅពេលលោកវិលមកកាន់អំណាចនៅសេតវិមានវិញក្នុងខែមករា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា