សម្ពោធឆ្លងសមិទ្ធផលថ្មីៗតម្លៃជាងពីរសែនដុល្លារ នៅវត្តលោមព្រលឹង
សៀមរាប៖លោកជំទាវបណ្ឌិត កុយ ពិសី កាលពីពេលថ្មីកន្លងទៅនេះបានអញ្ជើញចូលរួមសម្ពោធឆ្លងសមិទ្ធផលថ្មីៗនៅវត្តលោមព្រលឹង នៅភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមការសាទរពីអាជ្ញាធរដែនដី ព្រះសង្ឃ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សមិទ្ធផលដែលសម្ពោធឆ្លងរួមមាន មហាកុដិមួយខ្នងទំហំ ១៣ម៉ែត្រគុណ ២៥ម៉ែត្រ,សាលាពុទ្ធិកបឋមសិក្សាមួយខ្នង ទំហំ ១០ម៉ែត្រ គុណ ២៤ម៉ែត្រ មានបីបន្ទប់,សាលប្រជុំយុវវ័យមួយខ្នង ទំហំ៨ម៉ែត្រគុណ ៣២ម៉ែត្រ,ផ្លូវលំទទឹង ៤ម៉ែត្រ បណ្តោយ ៣០០ម៉ែត្រសរុបចំណាយចំនួន ២១៩ ២៧៣ ដុល្លារអាមេរិក ដែលបានបរិច្ចាគដោយលោកជំទាវបណ្ឌិត កុយ ពិសី ព្រមទាំងពុទ្ធបរិស័ទ និងសប្បុរសជនក្នុងនិងក្រៅស្រុក។
វត្តអារាមគឺជាមូលដ្ឋានសំខាន់សម្រាប់អប់រំគុណធម៌ សីលធម៌ និងជួយកសាងសង្គមឱ្យសុខសាន្ត។ មហាកុដិ និងសាលាពុទ្ធិកសិក្សា គឺជាចំណែកមួយក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងថែរក្សា អត្តសញ្ញាណជាតិ។នេះជាការបញ្ជាក់របស់លោកជំទាវបណ្ឌិត កុយ ពិសី ថ្លែងក្នុងពិធីសម្ពោធឆ្លងសមិទ្ធិខាងលើ។
ក្នុងឱកាសនេះដែរលោកជំទាវក៏បានប្រគេនបច្ច័យ ថវិកា និងអំណោយមួយចំនួនធំសម្រាប់កសាងវត្តបន្ត និងអ្នកចូលរួមទាំងអស់មានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងក្រុមសិល្បៈល្ខោនបាសាក់ផងដែរ៕
ដោយ៖ ប៊ុន រដ្ឋា