កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌លើកទី១៨ ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ ជាលើកទី១៨ ជូនដល់ជនពិការចំនួន ៩០នាក់
នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក(សមាគមតន្ត្រីសំនៀងជនពិការ) នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានកោតសរសើរចំពោះសមាគមតន្ត្រីសំនៀងជនពិការ ដែលនាំយកថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដទៃទៀត ដែលបញ្ជាក់ពីស្មារតីនៃការស្រឡាញ់ និងវប្បធម៌នៃការចែករំលែក។ ជាមួយគ្នានេះលោកជំទាវ ក៏បានកោតសរសើរចំពោះក្មួយៗ ពិការ បានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន មិនទៅប្រព្រឹត្តអំពើទុច្ចរិតដែលសង្គមមិនត្រូវការ។

លោកជំទាវគូសបញ្ជាក់ថា «កាកបាទក្រហមកម្ពុជាជួយតិឬច្រើន គឺអាស្រ័យលើការជួយឧបត្ថម្ភគាំទ្ររបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃការ ប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ»។

លោកជំទាវ បន្តថា កាលពីពេលថ្មីៗនេះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកាដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលជួបគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្សជាច្រើននាក់ផងដែរ។

ឯកឧត្តម ចាប តូ តំណាងឱ្យជនពិការ បានអរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ក្រុមជនពិការជាបន្តបន្ទាប់ ដោយមិនមានការរើសអើង។

អំណោយប្រគល់ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក(សមាគមតន្ត្រីសំនៀងជនពិការ)រួមមាន ៖ អង្ករ ៣តោន អង្ករសុខភាព ២០កេស មី ២០កេស ត្រីខ ៥កេស ទឹកស៊ីអុីវ១០យួរ ទឹកបរិសុទ្ធ ២០កេស ទឹកក្រូច ២០កេស ផ្លែក្រូច ៥០គីឡូក្រាម ឃីត ១៥០កញ្ចប់ និងថវិកា ១០លានរៀល។ ជាមួយគ្នានេះជនមានពិការភាព ៩០នាក់ក្នុងម្នាក់ៗ ២ម៉ឺនរៀល។ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ទោ នៅ កំសាន្ត បានប្រគល់ ឧបករណ៍សម្រាប់ធ្វើចលនាជនពិការមួយឈុត ជូនដល់សមាគមផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner