មេធំអ៊ីស្រាអែលជួបលោកត្រាំចរចា រឿងតំឡើងពន្ធ
បរទេស ៖ មេធំអ៊ីស្រាអែល លោក Netanyahu បានជួបលោក Trump ចរចាពីរឿងតំឡើងពន្ធ ដោយបានប្តេជ្ញា «លុបបំបាត់» ឱនភាពពាណិជ្ជកម្ម រវាងអាមេរិក និងអ៊ីស្រាអែល។
នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយបែបនេះ ក្នុងអំឡុងទស្សនកិច្ច នៅសេតវិមាន កាលពីថ្ងៃច័ន្ទ ខណៈដែលពិភពលោកកំពុងប្រឹងដកខ្លួនចេញពីការរឹតបន្តឹងពន្ធគយ ដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក Donald Trump ។
លោក Netanyahu បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval ថា «យើងនឹងលុបបំបាត់ឱនភាពពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក…យើងគិតថា វាជារឿងត្រឹមត្រូវ ដែលត្រូវធ្វើ»។ លោក Netanyahu បាននិយាយបន្ថែមថា «ខ្ញុំមានអារម្មណ៍ថា អ៊ីស្រាអែលអាចបម្រើជាគំរូសម្រាប់ប្រទេសជាច្រើន»។
គួរបញ្ជាក់ថា អ៊ីស្រាអែល ដូចនឹងប្រទេសរាប់សិប ផ្សេងទៀតដែរ គឺ មិនត្រូវបានលើកលែងពន្ធសកល របស់លោកប្រធានាធិបតី Donald Trump នោះឡើយ ក្នុងនោះ ប្រទេសមួយនេះ កំពុងប្រឈមមុខនឹង ការតំឡើងពន្ធ ១៧% លើផលិតផល ដែលនាំចេញទៅសហរដ្ឋអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត