ចិនសំងំសង់ស្ថានីយស្រាវជ្រាវថាមពលក្រោមបាតសមុទ្រជម្រៅ ២ ពាន់ម៉ែត្រ

បរទេស៖ ប្រទេសចិនកំពុងសង្ងំសាងសង់ស្ថានីយស្រាវជ្រាវក្រោមបាតសមុទ្រជម្រៅ ២,០០០ម៉ែត្រ ដើម្បីទាញយកប្រភពថាមពល ប្រមាណ ៨០ពាន់លានតោន នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The Eurasian Times កាលពីចុងសប្តាហ៍។

ប្រភពថា នេះគឺជាគម្រោងសាងសង់ស្ថានីយស្រាវជ្រាវ ក្រោមបាតសមុទ្រអចិន្ត្រៃយ៍ ដំបូងគេ ដើម្បីសិក្សាអំពីជាតិទឹកឧស្ម័ន ដែលជាប្រភពថាមពល ដ៏មានសក្តានុពល អាចលើសពីទុនបម្រុងប្រេង របស់ឈូងសមុទ្រពែក្ស។ ជម្រកទឹកជ្រៅនេះ នឹងត្រូវបានសាងសង់ នៅក្នុងតំបន់ “ត្រជាក់” ដែលសម្បូរដោយមេតាន ហើយអ្នកស្រាវជ្រាវ ៦នាក់ នឹងរស់នៅក្រោមទឹកជ្រៅ សម្រាប់បេសកកម្ម រយៈពេលមួយខែ ដើម្បីវិភាគការបង្កើតគ្រីស្តាល់នៃមេតាន ដែលជាប់នៅក្នុងទឹកកក។

ទីក្រុងប៉េកាំង បានបញ្ជាក់ពីគម្រោងដ៏ធំនេះ ជាផ្លូវការ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ហើយស្ថានីយ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ ផ្លូវការ នៅឆ្នាំ២០៣០។

ជុំវិញរឿងនេះ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន SCMP អ្នកវិទ្យាសាស្ត្រនិយាយថា តាមរយៈគម្រោងដ៏មហិមានេះ ប្រទេសចិនកំពុងធ្វើការដើម្បីដោះសោអាថ៌កំបាំង នៅក្រោមទឹកជ្រៅ។ បើតាមប្រភពដដែល ក្រុមអ្នកស្រាវជ្រាចិន បានរកឃើញតំបន់ទឹកត្រជាក់ Haima កាលពីឆ្នាំ២០០៦៕

ប្រភពពី The Eurasian Times, SCMP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner