ក្រុមហ៊ុន Smart Axiata ចុះអនុស្សារណៈជាមួយធនាគារ សុីអាយអិមប៊ី កម្ពុជា និងទទួលហិរញ្ញប្បទាន 50 លានដុល្លារអាមេរិក សម្រាប់ជំរុញវិសាលភាពសេវាទូរសព្ទ និងត្រៀមខ្លួនសម្រាប់ប្រព័ន្ធ 5G

ភ្នំពេញ៖ នាថ្ងៃទី 31 ខែមីនា ឆ្នាំ 2025 ក្រុមហ៊ុន ស្មាត អាស្យាតា បានចុះហត្ថលេខាលើអនុស្សរណៈយោលយល់គ្នាជាមួយ ធនាគារ សុីអាយអិមប៊ី ស្ដីពីភាពជាដៃគូជាផ្លូវការ។ កិច្ចសហការនេះ បានគូសបញ្ជាក់ពី ការបោះជំហានដ៏សំខាន់នៅក្នុងការអភិវឌ្ឍនៃប្រទេសកម្ពុជា ដោយផ្ដោតលើការពង្រឹងវិសាលភាពនៃការគ្រប់ដណ្ដប់សេវាអុីនធឺណិតរបស់ក្រុមហ៊ុនស្មាតកាន់តែធំទូលាយ ស្របពេលដែលក្រុមហ៊ុនកំពុងត្រៀមខ្លួនសម្រាប់ប្រព័ន្ធ 5G នាពេលអនាគត។ ជាមួយនឹងកិច្ចសហការនេះដែរ ធនាគារ សុីអាយអិមប៊ី បានសហការផ្ដល់ហិរញ្ញប្បទាន ទៅកាន់ក្រុមហ៊ុន ស្មាត ក្នុងចំនួនថិវកា 50 លានដុល្លារអាមេរិក ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍ និងត្រៀមខ្លួនសម្រាប់ការដាក់បញ្ចេញនូវ 5G នាពេលអនាគត ព្រមជាមួយនឹងភាពជាដៃគូក្នុងការផ្គត់ផ្គង់ការតភ្ជាប់សម្រាប់សហគ្រាសផងដែរ។

តាមរយៈហរិញ្ញប្បទានចំនួន 50 លានដុល្លារអាមេរិកពីធនាគារ សុីអាយអិមប៊ី នេះ ក្រុមហ៊ុន ស្មាត នឹងមានហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់ពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមតម្រូវការ ដើម្បីជំរុញការអភិវឌ្ឍគុណភាពបណ្ដាញសេវាអុីនធឺណិត និងភាពជឿនលឿននៃបច្ចេកវិទ្យារបស់ខ្លួន។ ភាពជាដៃគូរនេះដែរ ជាសក្ខីភាពដែលបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តរបស់ធនាគារ សុីអាយអិមប៊ី ទៅកាន់ស្ថានភាពហិរញ្ញវត្ថុ និង ចក្ខុវិស័យដ៏រឹងមាំនៃក្រុមហ៊ុន ស្មាត អាស្យាតា។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន ស្មាត អាស្យាតា ក៏នឹងក្លាយជា អ្នកផ្គត់ផ្គង់បណ្ដាញទូរគមនាគមន៍ និងសេវាកម្មឌីជីថលគោល សម្រាប់ធនាគារនេះផងដែរ ដើម្បីធានាបានថាប្រតិបត្តិការ និងការផ្ដល់សេវាកម្មឌីជីថលរបស់ធនាគារ អាចដំណើរការទៅដោយរលូន។
មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះបានកកើតឡើង នៅក្រោមកិច្ចសហការរយៈពេលជាងដប់ឆ្នាំមកហើយ ដែលក្រុមហ៊ុនទាំងពីរ ស្ថិតក្រោមសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ាឡេសុីដូចគ្នា។ កិច្ចសហការដ៏រឹងមាំរវាងក្រុមហ៊ុន ទូរគមនាគមន៍ និងធនាគារ បង្ហាញឱ្យឃើញពីសារៈសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល និងនវានុវត្តន៍លើផ្នែកបច្ចេកវិទ្យា ខណៈដែលប្រទេសកម្ពុជាកំពុងធ្វើបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស។
លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត អាស្យាតា បានលើកឡើងថា “កិច្ចសហការរបស់យើងជាមួយនឹងធនាគារ សុីអាយអិមប៊ី ផ្ដល់ឱ្យក្រុមហ៊ុនស្មាតនូវ ធនធានហិរញ្ញវត្ថុសម្រាប់បត់បែនទៅតាមតម្រូវការ ដែលរួមមានការអភិវឌ្ឍបណ្ដាញសេវាអុីនធឺណិត ដើម្បីសម្រួលបទពិសោធន៍នៃការប្រើប្រាស់របស់អតិថិនឱ្យកាន់តែប្រសើរ ស្របពេលដែលយើងអាចវិនិយោគលើការអភិវឌ្ឍនៃបច្ចេកវិទ្យា និងការត្រៀមខ្លួមសម្រាប់ប្រព័ន្ធ 5G នាពេលអនាគត។ ភាពជាដៃគូនេះ នឹងជួយជ្រោមជ្រែងយើងឱ្យបន្តជំរុញការអភិវឌ្ឍនៃសង្គមឌីជីថលបានកាន់តែប្រសើរ។ ជាមួយគ្នានេះដែរ បច្ចេកវិទ្យាជឿនលឿនរបស់យើងក៏នឹងជួយជ្រោមជ្រែងធនាគារ សុីអាយអិមប៊ី ឱ្យធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងជំរុញការចាប់យកបច្ចេកវិទ្យានវានុវត្តន៍ដើម្បីពន្លឿនទំនើបកម្មរបស់ធនាគារទូទាំងផ្ទៃប្រទេស ថែមទៀតផង។”

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបន្ថែមថា៖ «ការផ្តល់ហិរញ្ញប្បទានជាយុទ្ធសាស្រ្តនេះ គូសបញ្ជាក់នូវការប្តេជ្ញាចិត្តខ្ពស់របស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងការគាំទ្រដល់ការវិវឌ្ឍ ផ្នែកឌីជីថល ក្នុងប្រទេសកម្ពុជា។ តាមរយៈការជំរុញ ដល់ក្រុមហ៊ុន Smart Axiata ជាមួយនឹងធនធានហិរញ្ញវត្ថុដ៏ចាំបាច់ សម្រាប់ប្រព័ន្ធ 5G របស់ក្រុមហ៊ុន យើងមិនត្រឹមតែពង្រឹងភាពជាដៃគូយូរអង្វែងជាមួយគ្នាប៉ុណ្ណោះទេ តែថែមទាំងរួមចំណែក ដល់ការអភិវឌ្ឍ ផ្នែកបច្ចេកវិទ្យា ក្នុងប្រទេសផងដែរ។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់នូវផលជាវិជ្ជមាន ក្នុងការសម្រេចបានភាពច្នៃប្រឌិត និងការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ជាមួយគ្នា»។
ស្របពេលដែលសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើនឡើងនោះ កិច្ចសហការរវាងក្រុមហ៊ុនទូរគមនាគមន៍ ជាមួយនឹងស្ថាប័នហិរញ្ញវត្ថុបែបនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ភាពជាដៃគូរនេះ ដើរតួជាកម្លាំងចលករក្នុងការជំរុញវឌ្ឍនភាពនៃនុវានុត្តន៍បច្ចេកវិទ្យា ឱ្យកាន់តែសម្បូរបែបឡើង ស្របតាមតម្រូវការនៃវិស័យទាំងពីរនេះ។

ហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍ និងការត្រៀមខ្លួមសម្រាប់ប្រព័ន្ធ 5G របស់ក្រុមហ៊ុន ស្មាត រួមនិងសេវាកម្មផ្នែកហិរញ្ញវត្ថុពីធនាគារ សុីអាយអិមប៊ី នឹងជំរុញឱ្យមាននវានុវត្តន៍កាន់តែសម្បូរបែប និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។ ទីផ្សារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner