មហាសេដ្ឋីដែលគាំទ្រ Trump ព្រមានពីសង្គ្រាមពន្ធគយដូចនុយក្លេអែរ

បរទេស៖ លោក Bill Ackman ដែលជាមហាសេដ្ឋីមានទ្រព្យពាន់លានដុល្លារ និងមាននិន្នាការគាំទ្រលោកប្រធានាធិបតីTrump បានផ្តល់យោបល់ឲ្យផ្អាកវិធានការ តំឡើងពន្ធសកល ៣ខែសិន បើមិនដូច្នេះ លោកបារម្ភថា នឹងមានសង្គ្រាមពន្ធគយដូចនុយក្លេអែរ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃអង្គារនេះ។

លោកបានណែនាំ បែបនេះ ដើម្បីអនុញ្ញាតឱ្យប្រទេសនានាធ្វើការចរចាឡើងវិញ នូវទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេ ជាមួយសហរដ្ឋអាមេរិក។ លោក Ackman បានទទួលស្គាល់ អំណះអំណាងរបស់ Trump ដែលថា ប្រព័ន្ធពាណិជ្ជកម្មពិភពលោក មិនស្មើភាព ចំពោះអាមេរិក។ ប៉ុន្តែ លោកថា ពន្ធគយដែលលោក Trump បានដាក់គឺ «ធំ និងមិនសមាមាត្រ» ហើយមិនបានបែងចែក រវាងមិត្ត និងសត្រូវ របស់អាមេរិកឡើយ។

គួរបញ្ជាក់ថា លោក Ackman ដែលជាស្ថាបនិក នៃក្រុមហ៊ុនគ្រប់គ្រងមូលនិធិការពារហានិភ័យ Pershing Square បានក្លាយជាអ្នកគាំទ្រលើសលុប ចំពោះលោក Trump ឬ បក្ស គណបក្សសាធារណរដ្ឋ នៅក្នុងខែកក្កដា ឆ្នាំ២០២៤ ។

ការណែនាំជាមួយនឹងការព្រមាន របស់បុរស វ័យ៥៨ឆ្នាំរូបនេះ ចំពេលមានភាពចលាចល នៅក្នុងទីផ្សារហ៊ុន Wall Street ហើយក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុពហុជាតិ របស់អាមេរិក
JP Morgan Chase ចេញមកប្រកាសថា ការតំឡើងពន្ធគយ របស់លោក Trump នឹងបង្កើនតម្លៃទំនិញ សម្រាប់ជនជាតិអាមេរិក ប្រកបដោយហានិភ័យ។ កាលពីថ្ងៃចន្ទ ក៏លេចចេញពាក្យចចាមអារ៉ាម ដែលថា លោក Trump កំពុងពិចារណា ផ្អាកវិធានការតំឡើងពន្ធនេះ រយៈពេល៩០ថ្ងៃ។ ប៉ុន្តែ សេតវិមានបានប្រញាប់ប្រញាល់ ចេញបកស្រាយវិញថា ដំណឹងនេះ គឺជាព័ត៌មានក្លែងក្លាយ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner