លោក Trump គំរាមបន្ថែមពន្ធ 50% បើសិនចិនហ៊ានដាក់ពន្ធសងសឹកអាមេរិកវិញ
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសចិន ពោលគឺដល់ទៅ ៥០% បន្ថែមទៀតលើទំនិញចិននាំចូលអាមេរិក បើសិនទីក្រុងប៉េកាំងនៅតែរឹងទទឹងមិនព្រមបោះបង់គំនិតព្យាយាមសងសឹកការដាក់ពន្ធ ៣៤% របស់លោកទេនោះ។
រដ្ឋបាលលោក ស៊ី ជីនពីង កាលពីថ្ងៃអាទិត្យ បានប្រកាសដាក់ពន្ធសងសឹកឆ្លើយតបការសម្រេចចិត្តរបស់លោកប្រធានាធិបតី ត្រាំ កាលពីសប្តាហ៍មុន ក្នុងការយកពន្ធ ៣៤% លើទំនិញចិន ជាផ្នែកមួយនៃផែនការ “ថ្ងៃរំដោះអាមេរិក” របស់លោក ដែលបានកំណត់ពន្ធអប្បបរមា ១០% លើប្រទេសដៃគូពាណិជ្ជកម្មអាមេរិកស្ទើរតែទាំងអស់។
តាមរយៈសារបង្ហោះនៅលើវេទិកា X កាលពីថ្ងៃចន្ទ មេដឹកនាំអាមេរិករូបនេះបានដាក់ឱសានវាទដល់ប្រទេសចិនរហូតដល់ថ្ងៃអង្គារ ដើម្បីលុបចោលវិធានការសងសឹករបស់ខ្លួន ឬ ត្រូវប្រឈមមុខនឹងពន្ធបន្ថែម ៥០%។
បើតាមលោកប្រធានាធិបតី ត្រាំ អាមេរិកមានបំណុលចំនួន ៣៦ ពាន់ពាន់លានដុល្លារ នេះជាហេតុផលមួយ ដែលអាមេរិកកំពុងពិភាក្សាជាមួយចិន ក្នុងចំណោមប្រទេសដទៃទៀត ដើម្បីធ្វើកិច្ចព្រមព្រៀងត្រឹមត្រូវ និង កិច្ចព្រមព្រៀងល្អ។ នេះជាគោលនយោបាយ America First។
ឆ្លើយតបសាររបស់លោក ត្រាំ ស្ថានទូតចិនប្រចាំអាមេរិកបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទ “គំរាមកំហែងផ្នែកសេដ្ឋកិច្ច” ហើយបាននិយាយខ្លាំងៗថា ទីក្រុងប៉េកាំងនឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
ស្ថានទូតចិនប្រចាំអាមេរិក បានសង្កត់ធ្ងន់ថា ប្រសិនបើលោក ត្រាំ ធ្វើសកម្មភាពគំរាមកំហែងចិន នោះក្រុមហ៊ុនអាមេរិកអាចប្រឈមមុខនឹងអត្រាពន្ធសរុប 104% ពីព្រោះអាមេរិកបានដាក់ពន្ធរួចហើយលើទំនិញចិន ២០% នៅក្នុងខែមីនា និង ៣៤% ទៀតដែលទើបប្រកាសកាលពីសប្តាហ៍មុន។ បើសិនរឿងនេះកើតឡើងមែននោះ នឹងធ្វើឱ្យភ្លើងសង្គ្រាមពាណិជ្ជកម្មកាន់តែឡើងកម្តៅខ្លាំង រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
