ក្រសួងបរិស្ថាន ព្រមានពីការអនុវត្តច្បាប់ ចំពោះជនណា ដែលបំពុលតំបន់ទឹកសាធារណៈ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះបានព្រមានដល់ជនទាំងឡាយណាដែលបំពុលប្រភពទឹកសាធារណៈ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួនបានបំពុលទឹកស្អាតបង្កប៉ះពាល់ដល់អ្នកប្រើប្រាសទឹករួចមក។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានបានប្រាប់ដល់ម្ចាស់កម្មសិទ្ធិ ឬ អ្នកទទួលខុសត្រូវ រោងចក្រ សហគ្រាស ក្រុមហ៊ុន សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ និងទីសត្តឃាត ដែលមិនទាន់បានបំពេញ កាតព្វកិច្ចតម្រូវដោយច្បាប់ ត្រូវធ្វើការបំពាក់ និងដាក់ឱ្យដំណើរការប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ និងបំពាក់ ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ជាបន្ទាន់ចាប់ពីពេលជូនដំណឹងនេះតទៅ។ ក្នុងករណី ម្ចាស់កម្មសិទ្ធិ ឬ អ្នកទទួលខុសត្រូវ ខកខានមិនអនុវត្ត ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ជាធរមាន។
ក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ថា ម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវ រោងចក្រ សហគ្រាស ក្រុមហ៊ុន សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ និងទីសត្តឃាត នឹងអនុវត្តតាមសេចក្តី ជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ ម៉ាដេប៉ូ


