ក្រសួងបរិស្ថានថ្កោលទោសចំពោះជនល្មើសដែលបានបាញ់មកលើ មន្ត្រីអនុវត្តច្បាប់នៅ ខេត្តមណ្ឌលគិរី
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសមួយដោយបានបញ្ជាក់ពីករណីជនល្មើសបានបាញ់មកលើមន្ត្រីអនុវត្តច្បាប់ នៅខេត្តមណ្ឌលគិរីថាជាអំពើដ៏ឃោរឃៅ ដោយប្រើប្រាស់អាវុធខុសច្បាប់ដើម្បីរារាំង និងគំរាមកំហែងដល់អាយុជីវិតមន្ត្រីអនុវត្តច្បាប់ ដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុការពារនិងអភិរក្ស ធនធានធម្មជាតិ។
បើយោងតាមសេចក្តីប្រកាសនៅថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០២៥ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តមណ្ឌលគិរី មានករណីជនល្មើសបាញ់មកលើមន្ត្រីអនុវត្តច្បាប់ និងបង្កឱ្យមានការបាត់បង់ អាយុជីវិតចំនួន ៣រូប ក្នុងឆ្នាំ២០១៨។ ហើយថ្មីៗកន្លងមកនេះ មានករណីជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្ស ដែលកំពុងបំពេញបេសកកម្មល្បាតក្នុងដែនជម្រកសត្វព្រៃស្រែពក ភូមិសាស្ត្រខេត្តមណ្ឌលគិរី និងមានការ ផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមថែមទៀត។
ក្នុងករណីនេះក្រសួងបរិស្ថានបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើ មន្ត្រីអនុវត្តច្បាប់ ដែលបាន និងកំពុងបំពេញតួនាទីក្នុងនាមជាមន្ត្រីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ ។
ជាមួយគ្នានេះក្រសួងបរិស្ថានបញ្ជាក់ថាពេលនេះកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ស្វែងរកជនល្មើសនិងអ្នក ពាក់ព័ន្ធ នៃអំពើល្មើសច្បាប់នេះ។
ក្រសួងបរិស្ថានក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋសហការ ជាមួយក្រសួងបរិស្ថាន ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន៕
ដោយ ៖ ម៉ាដេប៉ូ

