ឯកឧត្តម ហេង សួរ ៖ រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បី​សហការ​ជាមួយស្ថាប័នអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេច​បាន​នូវទស្សនវិស័យរួមគ្នា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ត្រៀមខ្លួនជាស្រេច ដើម្បីសហការជា​មួយគ្រប់​ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ កម្មករ​និយោជិត និយោជក និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវ​ទស្សន​វិស័យរួមគ្នា ក្នុងការជំរុញការអនុវត្តកាតាលីករសកលស្ដីពីការងារ​សមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធផល បរិយាបន្ន និងមិនទុកនរណាម្នាក់​ចោល​នោះ​ឡើយ ។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បែបនេះ នៅក្នុងវេទិកាគោល​នយោ​បាយ​កាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) ដែលធ្វើឡើងនៅសណ្ឋាគារ ហៃ​យ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដែល​កម្ពុជា​​ធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជាទីភ្នាក់ងារអង្គការសហប្រជាជាតិពាក់ព័ន្ធនានា ដែល​បានផ្ដួចផ្ដើម និងសម្របសម្រួលឱ្យមានយន្តការ “កាតាលីករសកល​ស្ដីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌” ដែលបង្កើតឡើងក្នុងគោលបំណងគាំទ្រប្រទេសត្រួសត្រាយផ្លូវក្នុងការតាក់តែង និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់ខ្លួន​តាមរយៈ​កិច្ចសហប្រតិបត្តិការពហុភាគី ការអភិវឌ្ឍប្រកបដោយចីរភាព និង​ការ​វិយោគលើការគាំពារសង្គម និងការងារសមរម្យ។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ដោយមើលឃើញថាទិសដៅ និង​បេសកកម្ម​នៃគំនិតផ្ដួចផ្ដើមកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ អាចបំពេញបន្ថែម និងជួយជំរុញរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង ទើបរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពមិនរួញរា​ក្នុងការ​ដាក់កម្ពុជាចូលជាប្រទេសត្រួសត្រាយផ្លូវ និងប្តេជ្ញាធ្វើជាប្រទេស​ត្រួស​ត្រាយផ្លូវគំរូសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ផ្ដោតទៅលើគោលនយោបាយអាទិភាពសំខាន់ៗ ដូចជាគោល​នយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលគាំទ្រដល់ការបង្កើត​ការងារ, ការអភិវឌ្ឍជំនាញតាមវិស័យសម្រាប់យុវជនដែលងាយ​រងគ្រោះចំនួន១.៥លាននាក់ ដោយផ្តោតលើយេនឌ័រ, ការពង្រីក​ការគាំពារសង្គមរួមទាំងការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍, ការចុះបញ្ជីកម្មករនិយោជិត និងសហគ្រាសក្រៅប្រព័ន្ធ, ការធ្វើឱ្យប្រសើរឡើងនូវទីផ្សារការងារប្រកបដោយបរិយាបន្នតាមរយៈឌីជីថលូបនីយកម្ម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមជាសេនាធិការ​របស់​រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអនុវត្តនិងជំរុញផែនទីបង្ហាញ​ផ្លូវ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងខិតខំធ្វើឱ្យ​ប្រសើរ​ឡើងនូវការអភិវឌ្ឍជំនាញ និងការគាំពារសង្គម សម្រាប់ កម្មករ​និយោ​ជិត យុវជន ពលករទេសន្ដរប្រវេសន៍ និងអ្នកនៅក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ជាពិសេសស្ត្រី និងជនមានពិការភាពមាន​ឱកាសសិក្សា និងអភិវឌ្ឍខ្លួនបន្ថែមនៅអំឡុងពេលអន្តរកាលនេះ សំដៅទាញយក​ប្រយោជន៍ជាអតិបរិមាក្នុងការផ្លាស់ប្ដូរបរិបទសកល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner