ក្រុមអ្នកសារព័ត៌មានចិន មកទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ របស់រដ្ឋាភិបាលចិន

(ភ្នំពេញ)៖ សារព័ត៌មាន People’s Daily ដែលជាភ្នាក់ងារសារព័ត៌មានដ៏ធំមួយ នៃរដ្ឋាភិបាលចិន បានមកទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា ដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជា-ចិន និងជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិនឲ្យកាន់តែល្អប្រសើរថែមទៀត ។

ដំណើរទស្សនកិច្ច នៃក្រុមអ្នកសារព័ត៌មានចិននេះ បានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ដែលដឹកនាំដោយ លោក ចាង នៀន សឹង ZHANG NIANSHENG នាយកគ្រប់គ្រងសាខាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសារព័ត៌មាន People’s Daily និងបុគ្គលិកប្រុសស្រីចំនួន ៦នាក់ផ្សេងទៀត ។

គោលបំណង នៃដំណើរទស្សនកិច្ចនេះ ដើម្បីចុះមកយកព័ត៌មានផ្ទាល់ពីការរីកចម្រើន និងសមិទ្ធផល នៃការវិនិយោគរបស់ក្រុមហ៊ុនចិន នៅ កម្ពុជា និងការសម្រេចបាននូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក ក្រោមការរួមចំណែករបស់រដ្ឋាភិបាលចិន លើវិស័យសុខាភិបាល សេដ្ឋកិច្ច ថាមពលអគ្គិសនី អប់រំ ការជួសជុលប្រាសាទ និងការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានជាដើម និងនាំយកព័ត៌មានទៅផ្សព្វផ្សាយដល់អ្នកវិនិយោគ និងប្រជាជនចិន ដើម្បីជំរុញវិស័យសេដ្ឋកិច្ច និងទេសចរណ៍នៅកម្ពុជាបន្ថែមទៀត ។

ក្រុមអ្នកសារព័ត៌មានចិន People’s Daily រួមនឹងក្រុមអ្នកសារព័ត៌មានកម្ពុជា ៤ស្ថាប័ន បានចុះទៅយកព័ត៌មាន និងធ្វើបទសម្ភាសផ្ទាល់ជាមួយអគ្គនាយក និងអ្នកគ្រប់គ្រងនៅទីតាំងសំខាន់ៗមួយចំនួន ដើម្បីអាចឈ្វេងយល់ពីសមិទ្ធផលនានា ដែលសម្រេចបាន ។ ទីតាំងក្រុមហ៊ុនទាំងនោះសុទ្ធសឹងជាការវិនិយោគដោយក្រុមហ៊ុនចិន និងក្រោមជំនួយរបស់រដ្ឋាភិបាលចិន ដែលមាន នៅរាជធានីភ្នំពេញ បានចុះទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មជ្ឈមណ្ឌលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC, និងចុះទៅពិនិត្យផ្ទាល់ដល់ការដ្ឋានសាងសង់ស្ពានទន្លេបាសាក់ ចាក់អង្រែក្រោម ព្រែកប្រា, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសហនុ និងវិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃវារីអគ្គិសនីសេសាន និងទៅកាន់ខេត្តសៀម ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃអាកាសដ្ឋានអន្តរជាតិអង្គរ និងដំណើរការនៃការជួសជុលខ្លោងទ្វាព្រះបរមរាជវាំងចាស់បុរាណរបស់ខ្មែរនៅតំបន់អង្គរ, ជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ដែលជួសជុលដោយក្រុមថែរក្សាអង្គរនៃរដ្ឋាភិបាលចិន ។

គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ One Belt, One Road គឺជាគំនិតផ្តួចផ្តើមនៃខ្សែយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់ចេញដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្កើតដំបូងក្នុងអំឡុងឆ្នាំ២០១៣ ជាយុទ្ធសាស្រ្តពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ពន័្ធ និងការវិនិយោគនៅក្នុងប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិជាច្រើននៅអឺរ៉ុប, អាស៊ី, អាស៊ីបូព៌ា, អាមេរិកឡាទីន និងអាហ្វ្រិក ។ កម្ពុជា ក៏ជាប្រទេសមួយ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះផងដែរ និងក៏បានប្តេជ្ញាចិត្ត ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាពក្នុងតំបន់និងអន្តរជាតិ ។

កម្ពុជាក្នុងរយៈកាលជាង ១០ឆ្នាំកន្លងមកនេះ តាមរយ:គំនិតផ្តួចផ្តើមខ្សែក្រវាត់១ ផ្លូវ១ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួយប្រទេសកម្ពុជាលើការអភិវឌ្ឍន៍ជាច្រើនដូចជា ការអភិវឌ្ឍនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ,អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាដើម ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វ៉េង លឹមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner