ចិនបញ្ចេញអនុភាពប្រព័ន្ធរ៉ាដាទំនើបបំផុត កម្ទេចមីស៊ីលផ្លោង ១៦ គ្រាប់ក្នុងពេលតែមួយ
ប៉េកាំង ៖ កងទ័ពរំដោះប្រជាជនចិន ហៅកាត់ (PLA) បានបាញ់មីស៊ីលផ្លោងដល់ទៅ ១៦ គ្រាប់ទៅលើគោលដៅតែមួយព្រមៗគ្នា នៅតំបន់វាលខ្សាច់ Gobi ដើម្បីជាការធ្វើតេស្តប្រព័ន្ធរ៉ាដាបាញ់កម្ទេចមីស៊ីល ឬ យានជំនិះលឿនជាងសំលេងជំនាន់ចុងក្រោយរបស់ប្រទេសខ្លួន។
កាសែតមួយដែលចេញផ្សាយកាលពីខែកុម្ភៈ ដោយផ្អែកតាមប្រភពពីលោក Zhang Zhenbiao វិស្វករជាន់ខ្ពស់នៅអង្គភាព 63623 របស់កងទ័ព PLA នៅទីក្រុង Jiuquan ខេត្ត Gansu បានឱ្យដឹងថា មីស៊ីលផ្លោងទាំង ១៦ គ្រាប់ ត្រូវបានស្ទាក់ចាប់ និង កម្ទេចដោយជោគជ័យដោយប្រព័ន្ធរ៉ាដាបំពាក់បច្ចេកវិទ្យា dual-band គឺ S-band និង X-band (S/X) ថ្មី ជាមួយនឹងអត្រាទប់ស្កាត់គោលដៅបានសម្រេច ១០០% តែម្តង។
ប្រព័ន្ធរ៉ាដាជំនាន់ចុងក្រោយ បានបង្ហាញពីការលោតផ្លោះផ្នែកបច្ចេកវិទ្យាដ៏សំខាន់របស់ប្រទេសចិន ដោយសារតែប្រព័ន្ធនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រយោធាចិនពិពណ៌នាថា ជារបកគំហើញដំបូងនៅក្នុងសង្គ្រាមសម័យទំនើប ពីព្រោះការវាស់វែងគោលដៅរបស់វា គឺមានភាពជាក់លាក់ និង ត្រឹមត្រូវឥតច្ចោះ។ ហើយប្រព័ន្ធរ៉ាដាជំនាន់ចុងក្រោយរបស់ចិននេះដែរ ក៏មានសមត្ថភាពអាចទប់ស្កាត់ការគំរាមកំហែងកម្រិតខ្ពស់ ពីយានជំនិះ និង មីស៊ីលល្បឿនលឿនជាងសំលេង។
ការបាញ់មីស៊ីលផ្លោងចំនួន ១៦ គ្រាប់ក្នុងសមយុទ្ធតែមួយបែបនេះ គឺជាការចំណាយលុយចោលដ៏ច្រើន ពីព្រោះមីស៊ីលផ្លោងនៅតែជាប្រព័ន្ធអាវុធថ្លៃបំផុតមួយ ហើយការបាញ់មីស៊ីលផ្លោងច្រើនដូច្នេះ ស្ទើរតែមិនមានទាល់តែសោះក្នុងសមយុទ្ធពីមុនមក តែវាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការវិនិយោគលុយយ៉ាងច្រើន ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន។
នៅឆ្នាំ ២០២៣ ទូរទស្សន៍រដ្ឋចិន CCTV បានចាក់ផ្សាយវីដេអូខ្សែសង្វាក់ផលិតកម្មមីស៊ីល ដែលត្រូវបានអ្នកវិភាគមើលឃើញយ៉ាងទូលំទូលាយថា ជាសារយុទ្ធសាស្ត្រមួយទៅកាន់ពិភពលោក ជាពិសេសសហរដ្ឋអាមេរិក អំពីការពង្រីកឃ្លាំងផ្ទុកមីស៊ីល និង បង្កើនសមត្ថភាពផលិតសម្ភារៈរបស់ប្រទេសចិន៕
ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា
