ពលរដ្ឋក្រុងបាងកកភាគច្រើនបារម្ភពីសុវត្ថិភាពសំណង់ក្រោយរញ្ជួយដី
បាងកក ៖ ផ្អែកតាមការស្ទង់មតិរបស់វិទ្យាស្ថាន Nida Poll បានបង្ហាញថា ក្នុងចំនោមប្រជាជនរស់នៅទីក្រុងបាងកករដ្ឋធានីរបស់ប្រទេសថៃ មានការព្រួយបារម្ភខ្លាំង ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពសំណង់អាគារ និង បញ្ហាដទៃទៀត បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីដ៏កក្រើកនាពេលថ្មីៗនេះ។
ការស្ទង់មតិនេះធ្វើឡើងចាប់ពីថ្ងៃទី១ដល់ទី៣ ខែមេសាកន្លងមកនេះ តាមរយៈការសម្ភាសន៍តាមទូរស័ព្ទជាមួយអ្នកឆ្លើយសំណួរប្រហែល ១.៣០០ នាក់ មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅទូទាំងរដ្ឋធានីបាងកក។
នៅពេលសួរនាំអំពីការព្រួយបារម្ភបន្ទាប់ពីកើតមានគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រវាយលុកមីយ៉ាន់ម៉ា និងថៃ អ្នកឆ្លើយតប ៦៨.០៩ ភាគរយនិយាយថា ពួកគេព្រួយបារម្ភពីស្ថេរភាព និង សុវត្ថិភាពសំណង់អគារទូទាំងទីក្រុងបាងកក។
រីឯ ៥៩.៤៧ ភាគរយស្នើឱ្យបង្កើនប្រសិទ្ធភាពប្រព័ន្ធប្រកាសអាសន្នជាមុន ប្រសិនបើការរញ្ជួយដីផ្សេងទៀតកើតឡើង។ ចំណែក ២៩.១ ភាគរយ ព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចក្នុងប្រទេស។
គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ដែលផ្ដើមចេញពីប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ បានបណ្ដាលឱ្យអគារកម្ពស់ ៣៤ ជាន់កំពុងសាងសង់នៅទីក្រុងបាងកក ដួលរលំរាបដល់ដី។ បញ្ហានេះដែរ បានធ្វើឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសថៃ ជាពិសេសទីផ្សារខុនដូ ដែលកំពុងរងគ្រោះស្រាប់ហើយនោះ ជួបវិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕
ប្រភព ៖ បាងកកប៉ុស្តិ៍ ប្រែសម្រួល ៖ ឈឹម ទីណា
