ឯកឧត្តម ហេង សួរ ៖ ILO ជ្រើសរើស កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១
(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ (ILO) មានកិច្ចសហការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យការងារ យុវជន កិច្ចគាំពារសង្គម និងកំណែទម្រង់គោលនយោបាយការងារជាដើម។ អង្គការអន្តរជាតិខាងការងារ (ILO) បានជ្រើសរើសប្រទេសកម្ពុជាសម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ (Asia Pacific Global Accelerator Policy Forum) នៅពេលនេះ ។
រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាគាំទ្រគំនិតផ្តួចផ្តើម នៃវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ដែលអាចជួយបណ្តាប្រទេសនានាសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ ប្រទេសកម្ពុជា បានត្រៀមខ្លួនជាស្រេច សហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន រដ្ឋាភិបាល ស្ថាប័នអន្តរជាតិ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា ក្នុងការជំរុញការអនុវត្តកាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ ខណៈទទួលជួប លោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជារឿងចាំបាច់ ដូច្នេះហើយបានជាក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់យ៉ាងខ្លាំងលើការអភិវឌ្ឍមូលធនមនុស្ស និងកិច្ចគាំការពារសង្គមដល់ពលរដ្ឋកម្ពុជា។
ជាការឆ្លើយតប លោកស្រី Mia Seppo បញ្ជាក់ថា អង្គការអន្តរជាតិខាងការងារ (ILO) កំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធលើការស្ទង់មតិនៃកម្មវិធីទីផ្សារការងារនៅកម្ពុជា។ លោកស្រីក៏បានអរគុណឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ នៅពេលនេះ៕
ដោយ ង៉ាន់ ទិត្យ







