រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
(ខេត្តកណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល ពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិ និងសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេស បានបួងសួងដល់ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ របស់រដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរគ្រប់ៗរូប ឱ្យទទួលបានសុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង មានសសុភមង្គលគ្រប់ក្រុមគ្រួសារ ព្រទាំងទទួលបានជោគជ័យរាល់ការបំពេញភារកិច្ចនានាក្នុងឆ្នាំថ្មី និងជានិច្ចនិរន្តរ៍តរៀងទៅ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា៖ ការសូត្រមន្តលើករាសីឆ្នាំថ្មី គឺជាទំនាមទំលាប់របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងនោះរដ្ឋបាលខេត្តកណ្ដាល តែងតែរៀបចំពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិ និងសំណេះសំណាលជាមួយមន្ត្រីរាជការ ជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវរៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ពិសេសបំផុសចលនាបង្កើតនូវភាពសប្បាយរីករាយ តាមទីវត្តអារាមនានាផងដែរ៕
ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា






