នាំអំណោយសម្តេច ម៉ែន សំអន ទៅជូនស្រ្តីសម្រាលទារកភ្លោះបីនាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧
សៀមរាប៖ លោកស្រី ស៊ិន ណម ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥បានដឹកនាំប្រតិភូនាំយកអំណោយ និងថវិការបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទៅជូនដល់ស្ត្រីបានសម្រាលកូនភ្លោះបីនាក់ (ស្រី១នាក់ និងប្រុស២នាក់) និងស្ត្រីផ្សេងទៀតដែលទើបសម្រាលកូន និងធ្វើវះកាត់នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប។
គ្រួសារទារកភ្លោះបីនាក់នេះមានឪពុកឈ្មោះ គុយ ខែម អាយុ៣០ឆ្នាំ និងម្ដាយឈ្មោះ ជួន សុម៉ុម អាយុ២៦ឆ្នាំ ស្នាក់នៅភូមិតាំងក្រសៅ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកគ្រប់គ្រងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងថា ក្នុងមួយថ្ងៃ មន្ទីរពេទ្យនេះទទួលស្រ្តីពិនិត្យផ្ទៃពោះចន្លោះពី៣០០ដល់៥០០នាក់ និងសម្រាលកូនចន្លោះពី៦០ដល់៨០នាក់ ក្នុងនោះមានប្រហែល១០ដល់១៥ករណី ដែលជាស្រ្តីមានហានិភ័យខ្ពស់៕
ដោយ៖ប៊ុនរដ្ឋា




