រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការបង្កបង្កើនផលស្រូវប្រាំង ការចិញ្ចឹមសត្វ និងការដាំបន្លែវិលជុំរបស់ពលរដ្ឋ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
(ខេត្តឧត្តរមានជ័យ)៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួង ដែលមានការចូលរួមពី លោក អឿន រតនា ប្រធានអង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ) ,ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យសក្ដានុពល លើការបង្កបង្កើនផលស្រូវប្រាំង ការចិញ្ចឹមសត្វ និងការដាំបន្លែវិលជុំរបស់ពលរដ្ឋ ស្ថិតនៅភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខក្នុងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅ និងពរសព្វសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍតំបន់ជនបទឱ្យមានការរីកចម្រើន ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ ក្នុងការជួយអភិវឌ្ឍនៅតំបន់ជនបទ ជាពិសេសការលើកកម្រិតផ្លូវពីផ្លូវក្រាលល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវក្រាលបេតុង ដែលមានភាពធន់នឹងអាកាសធាតុ, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងបង្គន់អនាម័យ, ការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិត ដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរ និងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ។
បន្ទាប់ពីជួបសំណេះសំណាល ជាមួយប្រជាសហគមន៍នោះមក ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឬទ្ធិសែន បានបន្តដឹកនាំគណៈប្រតិភូ អញ្ជើញចុះពិនិត្យចំការបន្លែរបស់សហគមន៍ រួមមានបន្លែននោង ប៉េងប៉ោះ និងដំណាំពោតផងដែរ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដី បានណែនាំដល់ថ្នាក់ដឹកនាំ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវធ្វើការសិក្សាបន្ថែមពីត្រូវការរបស់សហគមន៍តាមវិស័យ ដើម្បីបំពេញបន្ថែម តាមរយៈកម្មវិធីត្រីវិស័យ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ ។
គួរបញ្ជាក់ថា ភូមិកញ្ជ្រៀប មានប្រជាពលរដ្ឋរស់នៅចំនួន ៣០៧គ្រួសារ ស្មើនឹង ១ពាន់ ១៨៣នាក់ ស្រី ៦០២នាក់ មានផ្ទៃដីបង្កបង្កើនផល ១ពាន់ ៤០០ហិកតា និងមានសក្ដានុពល លើការបង្កបង្កើនផលស្រូវប្រាំង និងស្រូវវស្សា ចិការញ្ចឹមសត្វ ការដាំបន្លែវិលជុំ ព្រមទាំងមានសហគមន៍សន្សំប្រាក់ផងដែរ។ ភូមិកញ្ជ្រៀបក៏មានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងសហគមន៍កសិកម្មគោកមនមានជ័យ ដែលមានសក្ដានុពលខាងវិស័យទេសចរណ៍បែបធម្មជាតិ គឺអាងអូរអង្គ្រងផងដែរ៕
ដោយ ៖ ឡុង សំបូរ








