នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ កងកម្លាំងនៅតំបន់ព្រំដែន ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាប់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ!
(ខេត្តស្ទឹងត្រែង)៖ ប្រសាសន៍លើកទឹកដល់កងកម្លាំងប្រដាប់អាវុធ ព្រំដែនរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ ក្នុងគ្រាដែលនាយឧត្តមសេនីយ៍ បានអញ្ជើញចុះជួបសួរសុខទុក្ខ កម្លាំងទិសយោធភូមិភាគទី១ ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ឡាវ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជិតចូលមកដល់។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនកងទ័ព កងនគរបាល កងរាជអាវុធហត្ថ កងវិស្វកម្ម ឈរជើងការពារ និងស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ទិសយោធភូមិភាគទី១។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ បានកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមាន កងទ័ព កងនរគបាលជាតិ និងកងរាជអាវុធហត្ថ ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងកងវិស្វកម្មអគ្គបញ្ជាការ ដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ ស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែង លើកទឹកចិត្តដល់កងកម្លាំងបំពេញការងារនៅតំបន់ព្រំដែន ឱ្យបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសជាប់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែន ឱ្យជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ធ្វើការទំនាក់ទំនងល្អ ជាមួយប្រទេសភូមិផងរបងជាមួយ ព្រមទាំងពង្រឹងថែមទៀត នូវប្រព័ន្ធការពាររបស់ខ្លួន។
នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ ផ្ដាំផ្ញើដល់កងកម្លាំងកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ធ្វើការទប់ស្កាត់ការជួញដូរគ្រឿងញៀន និងជួញដូរមនុស្សឆ្លងដែនខុសច្បាប់។ ដោយឡែក កងកម្លាំងនគរបាលជាតិ កងកម្លាំងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បាននាំយកថវិកាមួយចំនួន ផ្ដល់ជូនកងកម្លាំងកងទ័ព កងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងកម្លាំងវិស្វកម្ម នៅតំបន់ព្រំដែន ដើម្បីរួមចំណែកក្នុងការជួបជុំទទួលទានអាហារ សាមគ្គី នៅមុន ឬក្រោយនៃវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
ដោយ៖ឡុង សំបូរ






