អភិបាលខេត្តកំពត ប្រាប់សេវាករឱ្យរអនុវត្តន៍គោលការណ៍ ៣ចំណុច ដើម្បីរក្សាកេរ្តិ៍ឈ្មោះខេត្ត និងទាក់ទាញភ្ញៀវទេសចរ
(ខេត្តកំពត)៖ ខេត្តកំពត ក្រោមកិច្ចចង្អុលដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នារយៈពេលកន្លងមកវិស័យទេសចរណ៍ត្រូវបានរៀបចំកែលម្អសោភ័ណភាព ពង្រឹងការផ្តល់សេវាកម្មផ្សេងៗប្រកបដោយគុណភាព ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗត្រូវបានលេចចេញជារូបរាងជាច្រើនទីតាំង។
ទន្ទឹមនឹងខេត្តទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់ត្រូវរួមសហការគ្នាផ្តល់សេវាដោយភាពស្មោះត្រង់ និងរក្សាឱ្យបាននូវកំណើនភ្ញៀវទេសចរ ពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងពិធីសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ សេវាអគ្គិសនី និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពត នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។
ឯកឧត្តម ម៉ៅ ធនិន ក៏បានស្នើដល់សេវករ ដែលជាអ្នកផ្តល់សេវកម្មផ្នែកទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍គោលការណ៍៣ចំណុចសំខាន់ៗរួមមាន៖ ទី១. ត្រូវចូលរួមគាំទ្រនូវផលិតផលដែលផលិតបានរបស់ប្រជានេសាទ ប្រជាកសិករនៅក្នុងខេត្ត, ទី២. រួមគ្នាប្រើប្រាស់ពូជស្រូវ “នាងនូរ” ដែលជាពូជស្រូវមានរស់ជាតិឆ្ងាញ់សម្រាប់ភ្ញៀវទេសចរ, និងទី៣. ត្រូវរក្សាភាពថ្លៃថ្នូររបស់ខេត្តកុំឱ្យភ្ញៀវទេសចរមានការមិនពេញចិត្ត ពិសេសរក្សាតម្លៃកុំឱ្យមានការតម្លើងថ្លៃ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា តាមការរំពឹងទុក ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកពីតាមណ្តារាជធានី-ខេត្តនានាមកលេងកម្សាន្តច្រើន ដោយសារតែខេត្តបានរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តក្នុងទ្រង់ទ្រាយធំ ហើយខេត្តមានគោលដៅទាក់ទាញទេសចរណ៍ចំនួន ៤២កន្លែង រួមនឹងសមិទ្ធផលទេសចរណ៍ ជាច្រើនទៀត ៕
ដោយ ៖ សិលា សារិន








