រួសរាន់ឡើងបងប្អូនចុះឈ្មោះជិះកង់ពីភ្នំពេញ ទៅសៀមរាប ជួយដល់ មន្ទីរពេទ្យ កុមារអង្គរ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញឆ្ពោះទៅខេត្តសៀមរា ក្នុងចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រ បានបើកទទួលហើយ។
ព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញឆ្ពោះទៅខេត្តសៀមរា ក្នុងចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រ គ្រោងនឹងចេញដំណើរពីវិមានឯករាជ នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៤:៣០ នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការចូលរួមរបស់ កីឡាករ កីឡាការិនីម្នាក់ៗ ត្រូវបង់ថវិកាចំនួន ២៥ដុល្លារ ដោយបើកការទទួលចុះឈ្មោះរៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សម្រាប់ការចុះឈ្មោះ និងចូលរួមបរិច្ចាគ ក្នុងម្នាក់ ២៥ដុល្លារ ដោយទទួលបានកញ្ចប់ជា អាវជិះកង់១ លិខិតថ្លែងអំណរគុណ និងអាហារសម្រន់តាមដងផ្លូវ ព្រមទាំងភេសជ្ជៈផងដែរ។

លោក នូ ចំរើន បានលើកឡើងទៀតថា នេះជាឆ្នាំទី២ ហើយ ដែលសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំព្រឹត្តិការណ៍ជិះកង់បែបនេះ ដើម្បីសប្បុរសធម៌ កាលពីលើកទី១ គឺចាប់ផ្តើមពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៤ ដោយជិះកង់ពីភ្នំពេញទៅខេត្តសៀមរាបដែរ។ កាលពីឆ្នាំ២០២៤ កន្លងទៅមានកីឡាករ កីឡាការិនីជិះកង់ចូលរួមបានជាង ៤០០នាក់។

លោកថា ចំពោះគោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជានេះ គឺធ្វើឡើង ដើម្បីកៀរគរថវិកា សម្ភារជួយដល់មន្ទីរពេទ្យកុមារអង្គរ ព្រមទាំងបន្តបំផុសការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនដល់ កីឡាករ កីឡាការិនី និងមហាជនឱ្យចូលរួមលេងកីឡាជិះកង់ ដើម្បីសុភាព មិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ តាមរយៈការរៀបចំនេះ សហព័ន្ធចង់ឱ្យក្រុមជិះកង់នៅខេត្តបានចូលរួមសហការគ្នា ក្នុងដំណើរជិះកង់កម្សាន្ត ដើម្បីគោលដៅសប្បុរសធម៌ទៅកាន់ខេត្តសៀមរាប ក៏ដូចជាគោលដៅរួមចំណែកដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាបផងដែរ។

ក្នុងនាមតំណាងសហព័ន្ធ លោក នូ ចំរើន បានអំពាវនាវដល់ កីឡាករ កីឡាការិនី យុវជន មហាជនសូមចូលរួមចុះឈ្មោះឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកដល់កិច្ចការសប្បុរសធម៌ តាមរយៈការបង់ថវិកាសម្រាប់ការជិះកង់ ក៏ដូចជាលើកស្ទួយដល់វិស័យកីឡាទោចក្រយានកម្ពុជាឱ្យមានសកម្មភាពកាន់តែផុសផុលឡើងបន្ថែមទៀតផងដែរ។

ចំពោះមហាជន សប្បុរសជន ឬក្រុមហ៊ុននានា ដែលមិនមានបំណងចូលរួមជិះកង់ដោយផ្ទាល់ ក៏អាចចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារបាន ក្នុងន័យជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ដើម្បីកុមារកម្ពុជា ដែលកំពុងខ្វះខាត។

គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីផ្តល់សេចក្តីសង្ឃឹម និងក្តីស្រឡាញ់ដល់កុមារ ពីរាជធានីភ្នំពេញទៅកាន់ខេត្តបាត់ដំបង លើចម្ងាយផ្លូវ ២៩០គីឡូម៉ែត្រ ដោយទទួលបានការចូលរួមជិះកង់យ៉ាងផុសផុលផងដែរ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner