លោក Trump ថា សំណើពន្ធអឺរ៉ុបអាក្រក់បំផុតសម្រាប់អាមេរិក
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា សំណើរបស់សហភាពអឺរ៉ុប សម្រាប់ការលើកលែងពន្ធលើផលិតផលឧស្សាហកម្ម រួមទាំងរថយន្ត គឺជារឿងអាក្រក់បំផុត និងមិនគ្រប់គ្រាន់ ក្នុងការគណនាឱនភាពពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិកនោះទេ។
លោក Trump បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា អ៊ឺរ៉ុបបានធ្វើរឿងអាក្រក់ណាស់ចំពោះអាមេរិក។ ពួកគេមិនសូម្បីទិញរថយន្តអាមេរិក ដូចជាប្រទេសជប៉ុន។ ហើយពួកគេក៏មិនទិញផលិតផលកសិកម្មអាមេរិកដែរ ពោលគឺពួកគេមិនទិញអ្វីទាំងអស់។
ការអត្ថាធិប្បាយរបស់លោក Trump ធ្វើឡើងជាការឆ្លើយតបនឹងសំណើដែលបានប្រកាសកាលពីថ្ងៃចន្ទ ដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដើម្បីស្វែងរកការលើកលែងពន្ធទ្វេភាគី អឺរ៉ុប-អាមេរិក សម្រាប់រថយន្ត និងទំនិញឧស្សាហកម្មផ្សេងទៀត។
លោកស្រី von der Leyen បាននិយាយក្នុងកំលុងសន្និសីទកាសែតនៅទីក្រុងប្រ៊ុចសែលថា យើងបានស្នើមិនយកពន្ធលើផលិតផលឧស្សាហកម្ម… អឺរ៉ុបតែងតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀងដ៏ល្អជាមួយអាមេរិក។
ប៉ុន្តែលោកស្រីបានព្រមានថា យើងក៏ត្រៀមខ្លួនជាស្រេច ក្នុងការចាត់វិធានការឆ្លើយតប និងការពារផលប្រយោជន៍របស់យើង ប្រឆាំងនឹងការវាយលុកពាណិជ្ជកម្មរបស់លោក Trump ដែរ។
បើតាមលោក Trump បើសិនបណ្តាប្រទេសនៅអឺរ៉ុបទិញថាមពលអាមេរិក ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣៥០ ពាន់លានដុល្លារ នោះឱនភាពពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប-អាមេរិក នឹងរលាយបាត់យ៉ាងឆាប់រហ័ស។
យ៉ាងណាមិញ ឱនភាពពាណិជ្ជកម្មរវាងអាមេរិក-អឺរ៉ុប មានត្រឹមតែ ២៣៥,៦ ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០២៤ នេះបើតាមការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
