សម្តេចធិបតី អញ្ជើញប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្ត កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» រួមមាន៖ ខេត្តក្រចេះ ខេត្រស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ខណៈពិធីនេះ បានប្រារព្ធធ្វើ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ។
ការដាក់ចេញកម្មវិធីនេះក្នុងគោលដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងបណ្តាខេត្តភាគឦសាន តាមរយៈការជំរុញ វិនិយោគឯកជន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន ។
ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្ដីពី «សមិទ្ធផល ១ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទំ ៧ នៃរដ្ឋសភា» កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ និង ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ឲ្យពិនិត្យ និង រៀបចំ «កម្មវិធីពិសេស» នេះ ដើម្បីសិក្សា និង រៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ក្នុងគោលដៅជំរុញវិនិយោគឯកជន ឆ្ពោះ ទៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ។
កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» នេះ កើតចេញពី មហិច្ឆតា ចង់ជំរុញបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដល់បណ្ដាខេត្តដែលស្ថិតនៅឆ្ងាយពី មជ្ឈមណ្ឌលកំណើន ក៏ដូចជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមតំបន់ និង តាមវិស័យ ។ ក្នុងការរៀបចំ «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាល មានគោលបំណងបង្កើនការងារ និង សកម្មភាពធុរកិច្ច ស្របតាម គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែង និង គន កំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន (Private Sector-led Growth Model) ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ






