សម្ដេចធិបតី៖ កិច្ចការពារព្រំដែនដែលមានប្រសិទ្ធភាព និងចីរភាពគឺការជំរុញការកសាងខឿនការពារជាតិរបស់ប្រជាជន តាមរយៈការកសាងនិងអភិវឌ្ឍន៍តាមបណ្តោយព្រំដែន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កិច្ចការការពារព្រំដែនដែលមានប្រសិទ្ធភាព និងចីរភាព មិនមែនត្រឹមផ្តោតលើការកសាងលេណដ្ឋានរឹងមាំនោះទេ ប៉ុន្តែគឺការជំរុញការកសាងខឿនការពារជាតិរបស់ប្រជាជន តាមរយៈការកសាង និងអភិវឌ្ឍន៍ តាមបណ្ដោយព្រំដែន។ ការបញ្ជាក់នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ។

សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា “នៅពេលដែលនិយាយពីការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី យើងត្រូវសួរដែរថា តើយើងការពារជាតិដូចម្តេច? នៅពេលដែលយើងគ្មានទាំងផ្លូវទៅតំបន់ដែលនៅក្រោមដែនអធិបតេយ្យរបស់យើងផងនោះ? ដោយសម្តេចបានចោទសួរ តើយើងអាចការពារទឹកដីរបស់យើង ដែលនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព ឬប្រជាជន រស់នៅការពារ តាមព្រំដែនដោយផ្ទាល់នោះ? ពិតជាមិនអាចទៅរួចទេ”។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា កិច្ចការពារព្រំដែនដែលមានប្រសិទ្ធភាព និងចីរភាពមិនមែនត្រឹមផ្តោតលើការងារកសាងលេណដ្ឋានរឹងមាំនោះទេ ប៉ុន្តែគឺការជំរុញការកសាងខឿនការពារជាតិរបស់ប្រជាជន តាមរយៈការកសាងនិងអភិវឌ្ឍន៍តាមបណ្តោតព្រំដែន ដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាផ្លូវក្រវ៉ាត់ព្រំដែនដែលបង្កលក្ខណៈសម្រាប់ការរីកចំរើននៅក្នុងតំបន់នោះផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុ​ន ម៉ាណែត

ads banner