ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សារៀបចំទីតាំងកំពង់ផែទេសចរណ៍កំសាន្ត និងរៀបចំក្រុងនៅតាមបណ្ដាខេត្តជុំវិញដងទន្លេមេគង្គ និងទន្លេសាប ឱ្យកាន់តែមានភាពទាក់ទាញដើម្បីបង្កើនចំណូលសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពិភាក្សាជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំទីតាំងកំពង់ផែទេសចរណ៍កំសាន្ត និងរៀបចំក្រុងនៅតាមបណ្ដាខេត្តជុំវិញដងទន្លេមេគង្គ និងទន្លេសាប ឱ្យកាន់តែមានភាពទាក់ទាញដើម្បីបង្កើនចំណូលសេដ្ឋកិច្ចជាតិ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កេតឃើញថាមានទូកទេសចរណ៍ដែលធ្វើដំណើរមកពីប្រទេសវៀតណាម តាមដងទន្លេមេគង្គមកកាន់កម្ពុជា ក្នុងនោះនៅខេត្តកំពង់ចាមមានទូកទេសចរណ៍ចូលមក ៦គ្រឿង និងកំពង់ឆ្នាំងមាន ៦គ្រឿងហើយឯកឧត្តមយល់ឃើញថានេះគឺជាឧស្សាហកម្មមួយដែលមានដំណើរការល្អហើយអាចផ្ដល់ឱកាសការងារនិងថវិកាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្លាស់ប្ដូរការគិតគូរនិងកំណត់យកការងារអាទិភាពក្នុងនោះមានការចុះបញ្ជីដីធ្លីដែលមកដល់បច្ចុប្បន្ននេះបានចុះបញ្ជីជិតរួចរាល់ជាស្ថាពរហើយនៅទូទាំងប្រទេស, កិច្ចការបញ្ចប់វិវាទដីធ្លីក៏បានដោះស្រាយរួចរាល់អស់ជាច្រើនករណីនិងនៅសល់តិចតួចប៉ុណ្ណោះ, បានដោះស្រាយបញ្ហាបុរី, និងបញ្ហាវិវាទរវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរជាតិអប្សរានៅខេត្តសៀមរាបដែលនឹងត្រូវដោះស្រាយបញ្ចប់ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ហើយបញ្ហាទន្លេសាបដែលក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរួចរាល់នោះក៏នឹងអាចត្រូវដោះស្រាយបញ្ចប់ជាមួយនឹងអាជ្ញាធរទន្លេសាបផងដែរ។

ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថាទាក់ទិននឹងបញ្ហានៅខេត្តសៀមរាបនិងទន្លេសាប គឺយើងត្រូវគិតគូរបង្កើនចំណូលនិងបង្កើនឱកាសសេដ្ឋកិច្ចទាំងក្នុងខេត្តសៀមរាបនិងក្នុងតំបន់ទន្លេសាបទាំងមូលតែម្ដង ដូច្នេះហើយទើបក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានរៀបចំឱ្យមានកិច្ចប្រជុំពិភាក្សាជាមួយក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងទេសចរណ៍, ខេត្តនៅតាមបណ្ដោយដងទន្លេមេគង្គនិងជុំវិញទន្លេសាប,ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ, និងអ្នកផលិតជីកសិកម្ម ដើម្បីរួមគ្នារិះរកវិធីសាស្រ្តបង្កើតយន្តការស្វែងរកប្រាក់ចំណូលនៅតំបន់ទន្លេមេគង្គនិងទន្លេសាបនេះ។

អ្វីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើនៅពេលនេះ គឺក្នុងគោលបំណងដើម្បីរៀបចំទីតាំងកំពង់ផែទេសចរណ៍កំសាន្តតាមបណ្ដោយទន្លេមេគង្គ និងទន្លេសាប ប្រមូលធាតុចូលបន្ថែមទៀតពីភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំក្រុងនៃបណ្ដាខេត្តជាប់ទន្លេមេគង្គនិងទន្លេសាបឲ្យមានជីវិតរស់រវើក, មានលំហរសាធារណៈ, មានបរិស្ថានស្អាត,មានម្ហូបអាហារនិងទីតាំងកំសាន្តផ្សេងៗសម្រាប់ទាក់ទាញទេសចរណ៍ ដែលធ្វើដំណើរតាមទូកទេសចរណ៍ឆ្លងកាត់ខេត្តនីមួយៗតាមបណ្ដោយទន្លេមេគង្គនិងទន្លេសាប ដើម្បីទាញយកប្រាក់ចំណូលពីអ្នកទេសចរណ៍បន្ថែមទៀតសំដៅបង្កើនជីវភាពប្រជាពលរដ្ឋនិងបង្កើនចំណូលសេដ្ឋកិច្ចជាតិ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner