លោក Trump គ្រោងដាក់ពង្រាយយន្តហោះដ្រូនស៊ើបការណ៍ខ្នាតធំនៅជប៉ុន

វ៉ាស៊ីនតោន ៖ យោធាអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មានផែនការដាក់ពង្រាយយន្តហោះដ្រូនស៊ើបការណ៍រយៈចម្ងាយឆ្ងាយខ្នាតធំជាច្រើនគ្រឿងទៅកាន់ខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន ក្បែរកោះតៃវ៉ាន់ ដើម្បីទប់ទល់នឹងវត្តមានយន្តហោះដ្រូនចិននៅក្នុងតំបន់នោះ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani បាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះដ្រូន MQ-4C Triton នឹងត្រូវបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក Kadena នៅលើកោះសំខាន់របស់អូគីណាវ៉ានៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។

លោក Nakatani បានប្រាប់សន្និសីទសារព័ត៌មានមួយថា ផែនការនេះ ត្រូវបានរំពឹងថា នឹងជួយពង្រឹងសមត្ថភាពស៊ើបការណ៍សម្ងាត់របស់ជប៉ុន-អាមេរិក ជាពិសេសជួយរារាំងសត្រូវ និង បង្កើនសមត្ថភាពឆ្លើយតបរបស់សម្ព័ន្ធភាពទាំងពីរ។

យន្តហោះដ្រូនអាមេរិក Triton មានសមត្ថភាពប្រតិបត្តិការនៅរយៈកម្ពស់លើសពី ១៥ គីឡូម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង ជាមួយនឹងរយៈចម្ងាយ ១៣.៧០០ គីឡូម៉ែត្រ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនផលិត Northrop Grumann។

យោងតាមប្រមុខការពារជាតិជប៉ុន វត្តមានយន្តហោះដ្រូនចិនហោះហើរជុំវិញប្រទេសជប៉ុនក្នុងឆ្នាំ ២០២៤ មានចំនួនសរុបចំនួន ៣០គ្រឿង កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ ២០២១ មានត្រឹម ៤គ្រឿងប៉ុណ្ណោះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ១ឆ្នាំកន្លងមក យោធាជប៉ុនបានបើកការវាយលុកចំនួន ៣០លើក ដើម្បីស្ទាក់ចាប់យន្តហោះដ្រូននៅឯដែនទឹកភាគខាងត្បូងរបស់ប្រទេសខ្លួន ហើយពួកវាត្រូវបានគេជឿថា ជារបស់ចិន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner