វៀតណាមនឹងទិញសព្វាវុធអាមេរិកបន្ថែម ជាថ្នូរនឹងសំណើសុំពន្យារពេលដំឡើងពន្ធ ៤៥ ថ្ងៃ

បរទេស៖ ប្រទេសវៀតណាមបានអះអាងថា នឹងទិញសព្វាវុធការពារជាតិ និងសន្តិសុខ ព្រមទាំង ទំនិញផ្សេងៗទៀត បន្ថែមទៀត ពីសហរដ្ឋអាមេរិក ដោះដូរនឹងសំណើសុំពន្យាពេលតំឡើងពន្ធ រយៈពេល៤៥ថ្ងៃ ដើម្បីទុកពេល សម្រាប់ការចរចា នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃអង្គារនេះ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ពីសំណើដោះដូរនេះ ក្រោយពេលដែលសហរដ្ឋអាមេរិកបានសម្រេចតំឡើងពន្ធទំនិញវៀតណាមនាំចូលទៅអាមេរិក ៤៦ភាគរយ ដោយចូលជាធរមាន ក្នុងសប្តាហ៍នេះ។

អំឡុងពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃចន្ទ លោក Chinh បាននិយាយថា វៀតណាមនឹងស្វែងរកការបញ្ជាទិញ យន្តហោះពាណិជ្ជកម្មដែលមានល្បឿនលឿនបន្ថែមទៀត ពីសហរដ្ឋអាមេរិក ផងដែរ។ លោក Chinh បន្ថែមថា វៀតណាមក៏នឹងពិនិត្យមើលចំណុចផ្សេងៗទៀត ដូចជា គោលនយោបាយរូបិយវត្ថុ អត្រាប្តូរប្រាក់ របាំងមិនមែនពន្ធ និងការធានានូវប្រភពដើមទំនិញត្រឹមត្រូវ ជាដើម។

យ៉ាងណាមិញ ពុំមានការបញ្ជាក់លម្អិតអំពីគ្រឿសព្វាវុធ ដែលត្រូវទិញបន្ថែមពីអាមេរិកទេ។ ប៉ុន្តែ កាលពីឆ្នាំមុន មានការពិភាក្សាលើការលក់យន្តហោះដឹកជញ្ជូនយោធា Lockheed Martin C-130 Hercules របស់អាមេរិក ឲ្យទៅរដ្ឋាភិបាលក្រុងហាណូយ។

ជាការកត់សម្គាល់ ចាប់តាំងពីការហាមប្រាមអាវុធ ត្រូវបានដកចេញ នៅឆ្នាំ ២០១៦ ការនាំចេញអាវុធការពារជាតិ របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសវៀតណាម ត្រូវបានកំណត់ឲ្យមាន យ៉ាងទូលំទូលាយ ដូចជា នាវាការពារឆ្នេរសមុទ្រ និង យន្តហោះហ្វឹកហាត់ ជាដើម។

គួរបញ្ជាក់ថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ គឺជាមូលដ្ឋានផលិតកម្ម ក្នុងតំបន់ ដ៏សំខាន់សម្រាប់ក្រុមហ៊ុនលោកខាងលិច ជាច្រើន ប៉ុន្តែ វៀតណាមមានអតិរេកពាណិជ្ជកម្មជាង១២៣ពាន់លានដុល្លារ ជាមួយនឹងសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ដែលជាទីផ្សារនាំចេញធំបំផុត របស់ខ្លួន។

ជាការកត់សម្គាល់ លោក Trump និងលោក To Lam ប្រធានរដ្ឋវៀតណាម កាលពីថ្ងៃសុក្រ ក៏បានហៅទូរស័ព្ទរកគ្នា ដោយបានយល់ព្រមពិភាក្សាគ្នា លើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញការដកពន្ធវិញផងដែរ ដោយលោក Trump បានពិពណ៌នា ការជជែកគ្នានេះថា មានផលិតភាពខ្លាំងណាស់ នេះបើតាម CNA ដដែល៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner