ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តដល់ស្ថាបត្យករចូលរួមពង្រឹងសមត្ថភាពរបស់ខ្លួន បណ្ដុះស្មារតីមនសិការពលរដ្ឋល្អ ជាបញ្ញវ័ន្តដែលយល់ពីគុណតម្លៃរបស់មនុស្ស
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តដល់ស្ថាបត្យករចូលរួមពង្រឹងសមត្ថភាពរបស់ខ្លួន,បណ្ដុះស្មារតីមនសិការពលរដ្ឋល្អ, ជាបញ្ញវ័ន្តដែលយល់ពីគុណតម្លៃរបស់មនុស្ស និងណែនាំដល់ស្ថាបត្យករត្រូវរិះរកវិធីសាស្ត្រគិតគូររៀបចំសំណង់ឱ្យបានសមស្របទៅតាមទីតាំងឬតំបន់នីមួយៗដើម្បីឱ្យជីវិតនៅក្នុងអគារឬគេហដ្ឋាននោះក្លាយជាទ្រនំសុភមង្គល និងជាកន្លែងដែលគួរឱ្យចង់រស់នៅ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពេលបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយអំពីការងារចុះបញ្ជីស្ថាបត្យករនៅគណៈស្ថាបត្យករកម្ពុជានិងការរក្សាអត្តសញ្ញាណស្ថាបត្យកម្មខ្មែរក្នុងសហសម័យកម្ពុជា នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបំផុសគំនិតដល់ស្ថាប័នគណៈស្ថាបត្យករធ្វើយ៉ាងណាឱ្យក្លាយជាដៃគូដ៏រឹងមាំ,ដៃគូដែលអាចទុកចិត្តបាន, ដៃគូដែលមានភាពកក់ក្តៅជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានចាត់ទុកការផ្សព្វផ្សាយអំពីការងារចុះបញ្ជីស្ថាបត្យករនេះថាជាការរៀបចំដំណើរជីវិតឱ្យបានត្រឹមត្រូវរបស់ស្ថាបត្យករ និងងាយស្រួលយល់ច្បាស់អំពីអ្វីដែលហៅថាស្ថាបត្យកម្ម។ យើងសង្កេតឃើញថា បច្ចុប្បន្នមានសំណង់អគាររដ្ឋជាច្រើនដែលកសាងឡើងដោយស្ថាបត្យកម្មខ្មែរ ក្នុងនោះមានអគារទីស្ដីការគណៈរដ្ឋមន្ត្រី, អគារក្រសួងការពារជាតិ, ក្រសួងបរិស្ថាន, ក្រសួងមហាផ្ទៃ,អគ្គបញ្ជាការកងទ័ព,និងអគារក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់ទុកថាទាំងនេះគឺជានិមិត្តរូបនៃការរស់រានមានជីវិតឡើងវិញនូវស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានបំណងចង់ឃើញស្ថាបត្យករចេះធ្វើការបន្ថែមទៀតក្រៅតែពីការគូរប្លង់តែម្យ៉ាង,និងចង់ឃើញអ្នករៀបចំក្រុងធ្វើការលើសពីការគិតគូររៀបចំក្រុង ហើយឈានទៅគិតគូរអំពីប្រព័ន្ធរដ្ឋបាលរៀបចំក្រុង, អភិបាលកិច្ចពេញលេញគ្រប់ជ្រុងជ្រោយ, ចេះរៀបចំផែនការមេ, ថវិកា, ហេដ្ឋារចនាសម្ព័ន្ធ, រៀបចំផ្ទះសម្បែងឱ្យអ្នកដែលរស់នៅក្នុងទីប្រជុំជនរបស់ខ្លួន, គ្រប់គ្រងសំណល់រឹងរាវ, និងមធ្យោបាយធ្វើដំណើរជាដើម៕





ដោយ ៖ គ្រី សម្បត្តិ