សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រៀបចំពិធីសូត្រមន្ត ចំរើនព្រះបរត្តិ មុនឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានជួបជុំនិមន្តព្រះសង្ឃ រៀបចំពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល មុនឱកាស បុណ្យចូលឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស.២០២៥ ចូលមកដល់។
ពិធីសូត្រមន្ត លើករាសីនេះ ត្រូវបានធ្វើឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សត នៃសាកលវិទ្យាល័យ ជាច្រើននាក់ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១ រាជធានីភ្នំពេញ។
ពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អបអរបុណ្យចូលឆ្នាំថ្មី បានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល រាប់បាត្រ បង្សុកូល ឧទ្ទិសសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខ មហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់គណៈថ្នាក់ដឹកនាំ មន្រី្តរាជការ បុគ្គលិក និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យ បានជួបនូវសេចក្តីសុខចម្រើន រំដោះគ្រោះចាស់ ផ្លាស់មានរាសី សីរីសួស្តីមហាប្រសើរក្នុងឆ្នាំថ្មី និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងការសិក្សា។
គូសបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ និងត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ ពោលគឺនាថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ហើយនៅក្នុងឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏និងរៀបចំអោយមានពិធីអបអរសាទរមហាសង្ក្រានឆ្នាំថ្មី ២០២៥ គ្រប់បណ្តាលរាជធានី-ខេត្ត ដ៏អធិអធមផងដែរ។ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋ យុវជន ទូទាំងប្រទេសបានសប្បាយរីករាយក្នុងឱកាសជួបជុំគ្រួសារនៅស្រុកកំណើត។ ក្នុងពិធីសូត្រមន្តខាងលើនេះ ក៏បានការសម្តែងសិល្បៈទស្សនីយភាព ដូចជារបាំជូនពរ និងរបាំត្រុដផងដែរ៕





ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ