លោក Trump ត្រៀមដាក់ពន្ធដ៏ធំលើថ្នាំពេទ្យ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអង្គារនិយាយថា ប្រទេសរបស់លោក នឹងប្រកាសដាក់ពន្ធធំបំផុតលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ ដោយលោករំពឹងខ្ពស់ថា ក្រុមហ៊ុនផលិតថ្នាំពេទ្យនានានឹងផ្លាស់ប្តូរប្រតិបត្តិការរបស់ពួកគេមកបោះទុនវិនិយោគនៅសហរដ្ឋអាមេរិកវិញ។

ថ្លែងទៅកាន់ព្រឹត្តិការណ៍មួយនៅឯគណៈកម្មាធិការសភាបក្សសាធារណៈរដ្ឋ មេដឹកនាំអាមេរិករូបនេះ បានគូសបញ្ជាក់ថា ពន្ធឱសថដ៏ធំនេះ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗ ហើយលោកអះអាងថា វិធានការពន្ធខ្ពស់នឹងធ្វើឱ្យក្រុមហ៊ុនក្នុងវិស័យនេះ ផ្លាស់ប្ដូរទីតាំងផលិតពីប្រទេសនានា ជាពិសេសពីចិន ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ព្រោះថា ផលិតផលរបស់ពួកគេត្រូវបានលក់ភាគច្រើននៅទីនោះ។

គួរកត់សម្គាល់ថា អឺរ៉ុប និង អាមេរិកមានខ្សែសង្វាក់ផ្គត់ផ្គង់ឱសថឱ្យគ្នាទៅវិញទៅមក។ តួយ៉ាង អាមេរិកពឹងផ្អែកលើឱសថមួយផ្នែក ដែលផលិតនៅអឺរ៉ុប ដើម្បីស្រូបទាញប្រាក់ចំណូលរាប់រយពាន់លានដុល្លារ។

ការនាំចេញផលិតផលវេជ្ជសាស្ត្រ និងឱសថរបស់សហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិកមានទឹកប្រាក់សរុបប្រហែល ៩៧.០៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ការិយាល័យស្ថិតិអឺរ៉ុប Eurostat។

ហើយថ្មីៗនេះ ក្រុមហ៊ុនថ្នាំពេទ្យធំៗនៅអឺរ៉ុបបាននឹងកំពុងពង្រីករោងចក្រផលិតនៅក្នុងសហរដ្ឋអាមេរិក ពីព្រោះអាមេរិកគឺជាទីផ្សារលក់ឱសថដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនផលិតថ្នាំពេទ្យធំៗ ដែលមានការិយាល័យកណ្តាលទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅអឺរ៉ុប៕

ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner