ឯកឧត្តម​ ប៉ែន​ បូណា​៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ឯកឧត្តម​ ប៉ែន​ បូណា​ អ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងថា​ នៅពេលដែលមនុស្សទូទាំងពិភពលោក ថ្នាក់ដឹកនាំ ទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋ កំពុងនាំគ្នាគិតរិះរកមធ្យោបាយដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនពាក់ព័ន្ធជាមួយការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាម៉េរិក ចុះចម្លែកអីតែបុគ្គលម្នាក់នេះខុសគេ ខុសឯង បែរជាបន់ស្រន់ឱ្យប្រទេសជាតិនិងប្រជាជនរបស់ខ្លួន«ងា.ប់»ទៅវិញ។

ឯកឧត្តម​ ប៉ែន​ បូណា​ បានចោទសួរថា​ តើលើលោកយើងនេះមានមនុស្សណាអាក្រក់ជាងនេះទៀតទេ? ធ្វើនយោបាយមិនដែលចេះយល់កាលៈទេសៈ មិនដែលគិតប្រយោជន៍ជាតិនិងប្រជាជន ពោលគឺក្នុងមួយជីវិតនយោបាយតាំងពីក្មេងដល់ចាស់ចេះតែម្យ៉ាងគត់គឺ ញុះញង់ លាបពណ៌ដើម្បីបំផ្លិចបំផ្លាញអ្នកដទៃនិងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។ ឥឡូវនេះ មនុស្សទ្រុស្តប្រយោជន៍ជាតិរូបនេះបានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត។

ប្រទេសយើងសំណាងណាស់ដែលមានមេដឹកនាំខ្លាំងពូកែដូចជាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលបានកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យឱ្យរីកលូតលាស់ដូចសព្វថ្ងៃ ហើយឈរយ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព និងភាពសុខសានរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់កុំឱ្យមនុស្សទ្រុស្តប្រោជន៍ជាតិមានអត្ថិភាពនៅលើទឹកដីកម្ពុជា។

ឯកឧត្តមបន្តទៀតថា​ យើងទាំងអស់គ្នាជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ យើងទាំងអស់គ្នាឈរនៅជាមួយរាជរដ្ឋាភិបាលនិងគាំទ្ររាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈដើម្បី អនាគតរបស់យើងនិងកូនចៅយើង។ យើងទាំងអស់គ្នាសូមបដិសេធមនុស្សទ្រុស្តប្រយោជន៍ជាតិកុំឱ្យមានអត្ថិភាពនៅក្នុងប្រទេសយើងជាដាច់ខាត៕
ដោយ៖ពលជ័យ

ads banner