សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសូត្រមន្តនៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន៧មករា) ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃពុព ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក៏ដូចជាឆ្នាំនេះដែរ នៅស្នាក់ការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលជូនដល់វិញ្ញាណក្ខន្ធអតីតឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តឆស័ក ព.ស.២៥៦៩ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។

ក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងនាមសម្តេច​ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ ដល់ព្រះសង្ឃ ចម្រើន​ព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែក​បំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន។

សម្តេចកិកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងថ្វាយ​ព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទិ្ធកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព ជៀសផុតពីគ្រោះធម្មជាតិ ជៀសផុតពីជម្ងឺឧបទ្រពចង្រៃផ្សេងៗ និងទទួលបាននូវសេចក្តីចម្រើនគ្រប់ៗគ្រួសារ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner