កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតជិតមកដល់
(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល បានរៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយបានហែរចេញពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ទៅគោលដៅស្ពានអាកាស៥មករា និងស្ពានអាកាស៧មករា ដើម្បីបន្តចែកខិតបណ្ណអប់រំផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។
ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះការចូលរួមក្នុងយុទ្ធនាការនេះ។
លោកជំទាវអគ្គលេខាធិការបន្តថា “ដោយមើលឃើញពីគ្រោះចរាចរណ៍តែងតែមានជារៀងរាល់ថ្ងៃ ដូច្នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី ខេត្ត តែងតែធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបតាមសកម្មភាពចែកអំណោយ អប់រំផ្សព្វផ្សាយផ្សេងៗ។
លោកជំទាវអគ្គលេខាធិការបានបញ្ជាក់ទៀតថា “សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្កើតកម្មវិធីយុវជននិងសុវត្ថិភាពចរាចរណ៍នេះ តាំងពីឆ្នាំ២០០៥ម្លេះ”។ យុទ្ធនាការធំៗដែលយើងតែងតែធ្វើជារៀងរាល់ឆ្នាំមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីក្រើនរំលឹកដល់បង្អូប្រជាពលរដ្ឋពេលធ្វើដំណើរទៅស្រុកកំណើរឱ្យមានាការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងមានសុវត្ថិភាពខ្លួនឯង”។
ជាមួយគ្នានេះដែរក្នុងយុទ្ធនាការនេះ ក៏មានរៀបចំកម្មវិធីសួរ-ឆ្លើយយករង្វាន់មួកសុវត្ថិភាព និងរង្វាន់លើកទឹកចិត្តជាច្រើនរង្វាន់ ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក ការផាកពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយប្រជាពលរដ្ឋដែលបានរស់នៅ និងធ្វើដំណើរឆ្លងកាត់ទីតាំងស្តង់សំណួរ-ចម្លើយរបស់កាកបាទក្រហមកម្ពុជា៕
ដោយ ៖ គ្រី សម្បត្តិ



