ថ្នាក់ដឹកនាំក្រសួងការបរទេស រៀបចំពិធីសូត្រមន្ត និងលេងល្បែងប្រជាប្រិយ អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូត្រមន្តប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ។ ពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតី ពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ សូត្រមន្ត ចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើន ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ។ ពិធីនេះ មិនត្រឹមតែ បួងសួង សុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខ សេចក្ដីចម្រើនប៉ុណ្ណោះទេ ថែមទាំងជាការឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ ។
បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក៏មានការសម្តែងនូវរបាំត្រុដិ ដើម្បីជាកិច្ចបណ្តេញ នូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តី បវរមហាប្រសើរក្នុងឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបានជោគជ័យថ្មីៗថែមទៀត ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរអបអរសាទឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់មន្ត្រីក្រោមឱវាទឱ្យជួបតែសេចក្ដីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច ហើយនិងរីករាយសប្បាយគ្រប់ក្រុមគ្រួសារ ។
បន្ទាប់ពីបានថ្លែងអំណរសាទរឆ្នាំថ្មី ក៏មានការលេងល្បែងប្រជាប្រិយដោយក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីបណ្ដាអង្គទូតបរទេសនានា ប្រចាំនៅកម្ពុជា ផងដែរ ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃចន្ទ ២រោច ខែចេត្រ ព.ស.២៥៦៨ (ថ្ងៃទី១៤ ១៥ ១៦ខែមេសា ឆ្នាំ២០២៥) ដោយមានព្រះនាម គោរាគៈទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមក នៅវេលាម៉ោង ៤៖៤៨នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ជាអ្នកប្រទានសិរីល្អ ក្នុងឆ្នាំនេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ











