ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៨ទៀត ក្រោមទុនវិនិយោគ ២០៥ លានដុល្លារ សម្រាប់ជំរុញសម្ទុះសេដ្ឋកិច្ច
(ភ្នំពេញ)៖ ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគ និង ធុរកិច្ច គម្រោងចំនួន ១៨ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៥, និង គម្រោងថ្មី ចំនួន ១៣ គម្រោង ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ២០៥ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ២ ៩១៦កន្លែង ជាអាទិ៍ រោងចក្រស្ល និង កែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស, អគារការិយាល័យ, អគារស្នាក់នៅរួម, សណ្ឋាគារ និង ស្ថានីយទូរទស្សន៍ សម្រាប់ជម្រុញសន្ទុះសេដ្ឋកិច្ច។
នេះបើយោងតាមកិច្ចប្រជុំលើកទី ១៥ របស់ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ ឆ្នាំ២០២៥ ។
គិតត្រឹមខែ មេសា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៨៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន ៦,៨៧៥ លានដុល្លារអាមេរិក ។
សូមជម្រាបជូនថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្របសម្រួលផ្សេងៗ ដល់គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងថ្មី ដែលពុំពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពង្រីក និង គម្រោងមានស្រាប់ ដែលត្រូវស្នើសុំ និង ដំណើរការអនុវត្តគម្រោង ក្នុងឆ្នាំ ២០២៥ ក្នុងខេត្តព្រះសីហនុ ទោះបីគម្រោងនោះជាគម្រោងរបស់រូបវ័ន្តបុគ្គល, ឬ នីតិបុគ្គល និង ទោះបីគម្រោងនោះតូច មធ្យម និង ធំ ។
ក្រៅពីការលើកទឹកចិត្តនេះ កម្មវិធីពិសេស ផ្តល់នូវការសម្រួលនីតិវិធី និង ការលើកលែងកម្រៃសេវាសាធារណៈពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និង វិញ្ញាបនបត្រនានា សម្រាប់ការវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ អប់រំ សុខាភិបាល អចលនទ្រព្យ ។ល។ ផ្អែកតាមកម្មវិធីពិសេសនេះ, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានភារកិច្ចផ្តល់ការប្រឹក្សាយោបល់ និង ពន្យល់ច្បាស់អំពីកម្មវិធីពិសេស និង ការលើកទឹកចិត្តនានា ព្រមទាំងធ្វើការសម្របសម្រួល ដើម្បីដោះស្រាយការលំបាក និង សំណូមពរផ្សេងៗរបស់ម្ចាស់គម្រោង រួមទាំងដើរតួនាទីជាច្រកចេញចូលតែមួយ ។
ជាមួយនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» សម្រាប់ឆ្នាំ ២០២៥ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕





ដោយ ៖ ង៉ាន់ ទិត្យ