អាមេរិកបំផ្លាញទីតាំងក្រុមហ៊ូទីជាង ១០០ នៅយេម៉ែន
វ៉ាស៊ីនតោន ៖ មន្ត្រីការពារជាតិអាមេរិកម្នាក់នៅថ្ងៃពុធនិយាយថា យុទ្ធនាការវាយលុកផ្លូវអាកាសរបស់អាមេរិក ប្រឆាំងនឹងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់កាលពីខែមិនា បានកម្ទេចគោលដៅជាង ១០០ របស់ក្រុមនេះនៅប្រទេសយេម៉ែន។
កងកម្លាំងអាមេរិកបានវាយលុកក្រុមហ៊ូទីតាមផ្លូវអាកាសស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ក្នុងគោលបំណងបញ្ឈប់ពួកឧទ្ទាមមានអ៊ីរ៉ង់ជាខ្នងបង្អែកនេះ វាយប្រហារដោយមីស៊ីល និង យន្តហោះដ្រូនលើកប៉ាល់ដឹកទំនិញស៊ីវិល និងនាវាយោធានៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden។
បើតាមមន្ត្រីការពារជាតិអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា យុទ្ធនាការវាយលុកផ្លូវអាកាសរបស់អាមេរិក បានបំផ្លាញទីតាំងបញ្ជាការ និងត្រួតពិនិត្យ ទីតាំងផលិតអាវុធ និងទីតាំងស្តុកអាវុធទំនើបៗ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារគំរាមនៅលើវេទិកា Truth Social ថ្មីៗនេះថា ជម្រើសសម្រាប់ក្រុមហ៊ូទី គឺបញ្ឈប់ការបាញ់ប្រហារលើនាវាអាមេរិក ហើយយើងនឹងបញ្ឈប់ការវាយប្រហារលើពួកគេវិញដូចគ្នា។ បើមិនដូច្នេះទេ យើងទើបតែចាប់ផ្តើម ហើយការឈឺចាប់ពិតប្រាកដមិនទាន់មកដល់ទេ សម្រាប់ទាំងក្រុមហ៊ូទី និងអ្នកឧបត្ថម្ភរបស់ពួកគេនៅអ៊ីរ៉ង់៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា