សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងរក្សាបាននូវគន្លងកំណើនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងរក្សាបាននូវគន្លងកំណើនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ជំរុញដោយតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ ។

តាមការព្យាកររបស់ ADB បង្ហាញថា ផលិតផលឧស្សាហកម្មនឹងកើនឡើង ៩,៣ភាគរយ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ជាឆ្នាំនាំមុខដោយដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និង វិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ខណៈកំណើនក្នុងវិស័យសេវាកម្ម ត្រូវបានរំពឹងថានឹងបន្តក្នុងអត្ រា៤,៤ភាគរយ បើទោះបីជាសកម្មភាពនៃវិស័យអចលនទ្រព្យនៅទន់ខ្សោយក៏ដោយ។ ជាមួយគ្នានេះ ប្រាក់ចំណូលពីវិស័យទេសចរណ៍ ត្រូវបានព្យាករថា នឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB ក្នុងសន្និសីទសារព័ត៌មាន ដែលបង្ហាញពីរបាយការណ៍ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានអោយដឹងថា តាមការប៉ាន់ប្រមាណផលិតផល ក្នុងស្រុកសរុបនឹងកើនឡើង ៦,១ភាគរយ ក្នុងឆ្នាំ២០២៥ និង ៦,២ភាគរយ ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានកើនឡើង៦ភាគរយ ក្នុងឆ្នាំ ២០២៤ ។ ប៉ុន្តែទស្សនវិស័យនេះ អាចប្រឈមហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដ ប្រជាជាសកលមានដូចជា គោល នយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលប៉ះពាល់ ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ។

ការព្យាករនេះ ត្រូវបានធ្វើឡើងមុនការប្រកាសរបបពន្ធគយថ្មីនៃរដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ហើយការព្យាករជាមូលដ្ឋាននេះ គឺឆ្លុះបញ្ចាំងរបបពន្ធដែលបានអនុវត្តត្រឹម ខែមីនា ឆ្នាំ ២០២៥ ប៉ុណ្ណោះ។ ប៉ុន្តែ ADO ខែមេសា ឆ្នាំ២០២៥ ក៏បានវិភាគអំពីផលប៉ះពាល់លើកំណើននៅទូទាំង អាស៊ី និងប៉ាស៊ីហ្វិក ដែលអាចកើតមានដោយសារការដំឡើងពន្ធគយ ។

លោកស្រី Jyotsana Varma មានប្រសាសន៍ ថា «ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ និង ២០២៦ ឆ្លុះបញ្ចាំងពី សក្តានុពលនៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស។ ទោះបីជាភាពមិនប្រាកដប្រជា ជាសកលនៅតែបន្ត ក៏ដោយ ការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារៈសំខាន់ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតនូវកម្លាំងជំរុញថ្មី សម្រាប់កំណើនប្រកបដោយនិរន្តរភាព ។

របាយការណ៍ ក៏បានរំលេចអន្តរកម្មឌីជីថលថា ជាអាទិភាពគោលនយោបាយគន្លឹះ ដើម្បីជំរុញកំណើនរយៈពេលវែង។ ទោះបីជាអន្តរកម្មឌីជីថល នឹងត្រូវបានជំរុញដោយវិស័យឯកជន អ្នកធ្វើគោល នយោបាយ ត្រូវតែបង្កើតបរិយាកាសដើម្បីគាំទ្រដំណើរការនេះ ។

កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់របស់ខ្លួន នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថលរបស់អង្គការសហប្រជាជាតិ ពីលេខ ១៥៥ ក្នុងឆ្នាំ២០១២ មកលេខ១២០ ក្នុងឆ្នាំ២០២៤ ប៉ុន្តែក៏នៅមានចន្លោះប្រហោង ជាពិសេសការផ្តល់សេវាកម្មសាធារណៈអនឡាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា អត្ត សញ្ញាណឌីជីថលជាក់លាក់ ដែលទទួលស្គាល់ទូទៅ បណ្តាញអ៊ីនធឺណិតល្បឿនលឿន មជ្ឈមណ្ឌលទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិត និងមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល។ ការវិនិយោគបន្ថែមលើមូលធនមនុស្សនឹងរក្សានិរន្តរភាពកំណើន តាមរយៈការបង្កើនផលិតភាពសេដ្ឋកិច្ច៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner