សម្ដេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។

សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់រួមមាន ៖ អគារស្នាក់នៅចំនួន២ខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន, អគារមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលចំនួន ១ខ្នង និងកុំព្យូទ័រ​ចំនួន​ ៧០​គ្រឿង ព្រមទាំងការតភ្ជាប់ប្រព័ន្ធអុីនធើណេត ជាអំណោយរបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងអគារ​សាលាមត្តេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១ខ្នង មាន៣​ថ្នាក់។ ក្នុងនោះ ២ថ្នាក់​សម្រាប់​រៀនចំណេះដឹងទូទៅ និង១ថ្នាក់​សម្រាប់​​រៀន វប្បធម៌ សុជីវ​ធម៌ និងសីលធម៌ ។

សូមបញ្ជាក់ថា វិទ្យាស្ថានបញ្ជាការ-សេនាធិការ មានផ្ទៃដីជិត៨០ហិតា ជាទីតាំងរបស់អតីតសា​លានាយ​ទាហា​នសកម្ម ប្រើជាកន្លែងបណ្តុះបណ្តាលយោធា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គបញ្ជាការដ្ឋាន។ វិទ្យាស្ថានបញ្ជាការ-សេនាធិការ មានភារកិច្ច៖

១៖ បណ្តុះ​ប​ណ្តាលសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិ ថ្នាក់​អនុសេនីយ៍​ឯក ដល់ថ្នាក់វរសេនីយ៍ត្រី គ្រប់ប្រភេទទ័ព លើមុខវិជ្ជា​ការ​ងារសេនាធិការ និងការដឹកនាំបញ្ជាកម្រិត កងវរសេនាតូច ដល់កង​ពល​តូចថ្មើរជើង។

២៖ វិក្រឹតការសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិថ្នាក់​វរសេ​នី​យ៍​ត្រី ដល់ថ្នាក់វរសេនីយ៍ឯក គ្រប់ប្រភេទទ័ព លើមុខវិជ្ជាចំណេះដឹង​ទូទៅ​យោធា និងយល់ដឹងលើការងារសេនាធិការ និងការដឹកនាំបញ្ជា​កម្រិតកងវរសេនាតូច ដល់កងពលតូចថ្មើរជើង។ ក្រៅពីនេះ មានវគ្គ​ហ្វឹក​ហ្វឺនផ្សេងៗទៀត ទៅតាមបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាន និង​ក្រសួងការពារជាតិ។

របាយការណ៍របស់វិទ្យាស្ថាន បានឱ្យដឹងថា ខែសីហា ឆ្នាំ២០២៤ បានទទួលសិក្ខាកាមវគ្គវិក្រឹតការបញ្ជាការ-សេនា​ធិការ ចំនួន៧០នាក់ បានសិក្សារយៈពេល៦ខែ និងបានបញ្ចប់វគ្គ​នៅ​ខែ​មីនា ឆ្នាំ២០២៥​កន្លង​ទៅនេះ។ ខែតុលា ឆ្នាំ២០២៤ បានទទួល​សិក្ខា​កាមវគ្គបណ្តុះ​បណ្តាល​បញ្ជាការ-សេនាធិការ ចំនួន៨០នាក់ សិក្សា​រយៈពេល ១២ខែ បច្ចុប្បន្នកំពុងសិក្សានៅក្នុងវិទ្យាស្ថាន និងត្រូវ​បញ្ចប់វគ្គនៅខែតុលា ឆ្នាំ២០២៥ ។

ក្រៅពីសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ វិទ្យា​ស្ថាន មានអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន បម្រើដល់ការបណ្តុះ​បណ្តាល រួមមាន៖ អគារតូច ធំ ចំនួន ៦១ខ្នង, ផ្លូវប្រវែងសរុបចំនួន ១០,៧១៤ម៉ែត្រ និងទីលានសម្រាប់ហ្វឹកហាត់នៅក្រៅវិទ្យាស្ថាន​ចំនួន​២កន្លែង​ផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ.

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner