ចិនច្រានចោលសម្តីលោក Zelensky ចោទទាហានចិនជួយប្រយុទ្ធឲ្យលោក Putin
ប៉េកាំង ៖ ចិនបានចេញមុខទាត់ចោលការអះអាងរបស់មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលថា ជនជាតិចិនមួយចំនួនធំកំពុងជួយចម្បាំងឱ្យកងទ័ពរុស្ស៊ីរបស់លោកប្រធានាធិបតី ពូទីន ប្រឆាំងនឹងអ៊ុយក្រែន។
កាលពីថ្ងៃអង្គារ លោក ហ្សេលេនស្គី បានបញ្ចេញវីដេអូមួយបង្ហាញមុខបុគ្គលពីរនាក់ ដែលលោកនិយាយថា ជាជនជាតិចិន ដែលថតជាប់កំលុងពេលប្រយុទ្ធ។
ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានចោទប្រកាន់ថា បុគ្គលទាំងពីរនាក់នេះកំពុងជាប់ឃុំនៅអ៊ុយក្រែន ហើយថា បច្ចុប្បន្នជនជាតិចិនជាច្រើនទៀតកំពុងបម្រើការជាមួយ យោធារុស្ស៊ី។
បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ រុស្ស៊ីកំពុងអូសទាញចិនលូកដៃក្នុងសង្គ្រាមអ៊ុយក្រែនដោយផ្ទាល់ ឬដោយប្រយោល ដោយលោកបានអំពាវនាវឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័សពីអាមេរិក និងសហភាពអឺរ៉ុប។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចាត់ទុកការអះអាងនេះថា “គ្មានមូលដ្ឋាន” ហើយបញ្ជាក់ជាថ្មីថា ចិនតែងតែផ្តល់ដំបូន្មានដល់ពលរដ្ឋរបស់ខ្លួន ប្រឆាំងនឹងការចូលរួមក្នុងជម្លោះប្រដាប់អាវុធបរទេស។
លោក Lin Jian បានសង្កត់ធ្ងន់ថា គោលជំហររបស់ចិន ចំពោះវិបត្តិអ៊ុយក្រែន គឺច្បាស់លាស់ណាស់ និងមិនផ្លាស់ប្តូរ ហើយរឿងនេះត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយរួចមកហើយ៕



ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា