ផ្កាស្បៃរឿង ១លានដើមចាប់ផ្តើមបង្អួតសម្រស់ទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរណ៍ មកកម្សាន្តសង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៥ នៅឧទ្យានទន្លេស្ងួត

(ភ្នំពេញ)៖ សង្ក្រាន្តអូររាំងឪឆ្នាំ២០២៥ នឹងប្រារព្ធឡើង នៅឧទ្យានទន្លេស្ងួត ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដើម្បីបង្កលក្ខណៈ សប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់នៃសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនជឿនលឿនរបស់មាតុភូមិកម្ពុជា ។

ផ្កាស្បៃរឿង ១លានដើម នឹងដុះរីកស្រស់ បង្អួតសម្រស់លឿងទុំ ជាបណ្តើរៗ ដំណាលគ្នានឹងព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ដើម្បីថ្វាយទេវតាឆ្នាំថ្មី និងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ដែលអញ្ជើញមកពីគ្រប់ទិសទី នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេខាងមុខនេះនេះផងដែរ ។

សួនផ្កាស្បៃរឿង បានបង្កើតឡើងដោយគំនិតផ្តួចផ្តើម និងដឹកនាំរៀបចំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មានបណ្តោយប្រមាណ ៨០០ម និងទទឹងប្រវែង ១,៥០ម៉ែត្រ នៅតំបន់ឧទ្យានទន្លេស្ងួត ជាមួយសមិទ្ធផលជាច្រើន ដែលឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកអូររាំងឪ រួមមានសួនកម្សាន្តសម្រាប់កុមារ ទោងជិះកម្សាន្ត កន្លែងលេងកីឡា ស្រះទឹក កន្លែងអង្គុយមើលទេសភាព ការដាំដើមឈើ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅការរៀបចំគោលដៅលំហែបៃតង សម្រាប់ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន និងការចូលរួមរៀបចំឱ្យឧទ្យានទន្លេស្ងួតនេះជាសហគមន៍អព្យាក្រឹតកាបូន។

សួនផ្កាស្បៃរឿង ក្នុងពេលកន្លងមក មានការចូលរួមដាំ និងថែទាំ ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្នាក់ដឹកនាំ និងសមាជិក ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ស្រុកអូររាំងឪ ចាប់តាំងពីដើមឆ្នាំ២០២៣ រហូតមក។ សួនផ្កាស្បៃរឿងចំនួន១លានដើម បានឆ្លុះបញ្ចាំងពីនិមិត្តរូបនៃការបណ្តុះគំនិតស្រឡាញ់ ធម្មជាតិ បរិស្ថាន ការទាក់ទាញភ្ញៀវទេសចរណ៍ និងបង្ហាញពីការដឹងគុណគោរពប្រតិបត្តិ ទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កិសិទិ្ធ និងជាទីសក្តារៈបូជា របស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង។

សូមបញ្ជាក់ថា សង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ នៅឧទ្យានទន្លេស្ងួត នឹងបង្កឱ្យបរិកាសជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលអញ្ជើមកពីគ្រប់ទិសទី បានសប្បាយរីករាយ ជាងបណ្តាឆ្នាំមុនៗ ជាមួយកម្មវិធីសប្បាយ ជាច្រើន ដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ពិធីសាសនា ការសំដែងសិល្បៈបុរាណ សម័យ ពិព័រណ៍សមិទ្ធផលមូលដ្ឋាន សួនផ្កាស្បៃរឿងចំនួន ១លានដើម ការជិះទោងកម្សាន្ត ការប្រកួតកីឡាបាល់ទះ តំបន់វប្បធម៌សំខាន់ៗ មួកយក្ស ការប្រគំតន្រ្តីសម័យ និងការរាំលេងកម្សាន្ត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner