រាជរដ្ឋាភិបាល បានសន្សំសំចៃថវិកា ជូនប្រជាពលរដ្ឋបានប្រមាណជាង ៧លានដុល្លារ ក្នុងការរៀបចំរថយន្តក្រុងដឹកជញ្ជូនទៅលេងស្រុកកំណើត
(ភ្នំពេញ)៖ ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤នាព្រឹកថ្ងៃទី១០ មេសាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា អនុវត្តទៅតាមការចង្អុលបង្ហាញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយប្រជាពលរដ្ឋ ដោយបានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយអត់គិតថ្លៃ ។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចំនួន ៥៩៧គ្រឿង ក្នុងចំនួននេះបើមានការខ្វះខាត រដ្ឋបាលរាជធានីភ្នំពេញនិងបំពេញបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការចំណាយរបស់ពួកគាត់។ការងារនេះ មិនត្រឹមតែសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋទេ យើងអាចកាត់បន្ថយបាននូវការឡើងថ្លៃរបស់រថយន្តដឹកអ្នកដំណើរឯកជនផងដែរ។
ឯកឧត្តម ម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងទាំងអស់ដែលបានរក្សា សន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដែលបានធ្វើឲ្យបទល្មើសនានា ថយចុះ។ ប្រជាពលរដ្ឋមានការ សាទរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការរៀបចំរថយន្តដឹកជញ្ជូនប្រជ្ជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប្រជាពលរដ្ឋអបអរសាទរចំពោះការរៀបចំសង្ក្រាន្តវត្តភ្នំនាឱកាសបុណ្យចូលឆ្នាំនេះ ប្រជាពលរដ្ឋ ក៏បានអបអរសាទរនៃការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោផងដែរ ៕





ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ